កញ្ញា ថ្លុង សុគន្ធារី ជាប់ជាកម្មការិនីសម្រស់ឯក នៅកម្ពុជា ប្រចាំឆ្នាំ២០១៥
(ភ្នំពេញ)៖ ក្រោយបញ្ចប់ការប្រកួត កម្មវិធីជ្រើសរើសកម្មការិនីសម្រស់ឯក ដែលរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទិវាពលកម្មអន្តរជាតិ នៅល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥នេះ កញ្ញា ថ្លុង សុគន្ធារី មកពីរោងចក្រ CHC ក្នុងរាជធានីភ្នំពេញ បានជាប់ជា កម្មការិនីសម្រស់ឯក នៅកម្ពុជា ប្រចាំឆ្នាំ២០១៥ ដោយទទួលបានថវិកា ៤លានរៀលពីក្រសួងការងារ ៣០០ដុល្លារពី GMAC និង ៣០ម៉ឺនរៀល ពីគណៈកម្មការ Gender របស់ក្រសួងការងារ។ ការប្រឡងនេះ មានកម្មការិនី ប្រមាណ៥៩នាក់ មកពីបណ្តារោងចក្រនានា បានចូលរួម ក្នុងនោះចម្រាញ់យកម្ចាស់ជ័យលាភីតែ៥នាក់ប៉ុណ្ណោះ ចាប់ពីលេខមួយដល់លេខ៥ ។ តាមការប្រកាសរបស់គណៈកម្មការបានឱ្យដឹងថា អ្នកទទួលបានចំណាត់ថ្នាក់លេខ២ ឈ្មោះ ឈឹម សុនីតា មកពីរោងចក្រ Artnture ទទួលបានប្រាក់ ៣លានរៀលពីក្រសួង, ២០០ដុល្លារពី GMAC និង ២០ម៉ឺនរៀលពី គណៈកម្មការ Gender ខណៈដែលអ្នកលេខ៣មានឈ្មោះ សូរ្រ ស្រីល័ក្រ មកពីរោងចក្រ យីងដុង ទទួលបានប្រាក់ ២លានរៀលពីក្រសួងការងារ ១០០ដុល្លារពី GMAC និង ១០ម៉ឺនរៀល គណៈកម្មការ Gender ។ ក្រៅពីនោះអ្នកលេខ៤ និងលេខ៥ ទទួលបានថវិកាស្មើគ្នា ៤០ម៉ឺនរៀលពីក្រសួង ២០ដុល្លារពី GMAC និង ១២ម៉ឺនរៀលពី ក្រុមហ៊ុនទឹកបរិសុទ្ធ Gold Star ។ សូមជំរាបថា សម្រាប់អ្នកដែល មិនបានជាប់ក្នុងការប្រកួតនេះ ក៏ទទួលបានរង្វាន់លើកទឹកចិត្ត មួយចំនួនផងដែរ ៕
=================================================
ឃាត់ខ្លួនមនុស្ស៥នាក់ ពាក់ព័ន្ធករណី និស្សិតច្បាប់ម្នាក់ ស្លាប់ដោយអារ.ក ក្នុងបន្ទប់ទឹក យ៉ាងអាថ៍កំបាំង
(ភ្នំពេញ)៖ ប៉ូលិសបានឱ្យដឹងថា នៅថ្ងៃទី១ឧសភានេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៥នាក់ យកមកសាកសួរ ពាក់ព័ន្ធនឹងករណីនិស្សិតច្បាប់ម្នាក់ ស្លាប់ដោយមាន ស្នាមអារ.ក យ៉ាងអាថ៌កំបាំង នៅក្នុងបន្ទប់ទឹក ក្នុងទីតាំងក្រឡឹងគ្រឿងបន្លាស់រថយន្តមួយ ស្ថិតនៅផ្ទះលេខ៩៦ ផ្លូវ២០២ ក្រុមទី១៨ ភូមិ៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក កាលពីម្សិលមិញ ។ យ៉ាងណាក៏ដោយ ប៉ូលិសមិនបាន ផ្តល់អត្តសញ្ញាណជនទាំង៥នាក់នោះទេ ប៉ុន្តែគេដឹងថា ក្នុងនោះមាន ស្រីម្នាក់ ជាប្រពន្ធមេជាងក្រឡឹង មេជាងប្រឡឹង កូនជាង២នាក់ និងអ្នកយកគ្រឿងមកក្រឡឹងម្នាក់ផងដែរ ។ ការឃាត់ខ្លួនអ្នកទាំង៥នាក់នេះ ត្រូវបានធ្វើឡើង ក្រោយពីតុលាការ ចុះត្រួតពិនិត្យទីតាំងកើតហេតុជាថ្មីម្តងទៀត ដើម្បីស្រាវជ្រាវរកវត្ថុតាង។ គួរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ម៉ោង១០និង៣០នា ទីនៅកន្លែងក្រឡឹងគ្រឿងបន្លាស់រថយន្តខាងលើ មានករណីនិស្សិតច្បាប់ឆ្នាំទី៣ម្នាក់ បានស្លាប់ដោយការអា.ក នៅក្នុងបន្ទប់ទឹក ។ ជនរងគ្រោះ មានឈ្មោះ ណុប ប៊ុនធឿន អាយុ២២ឆ្នាំ មានស្រុកកំណើត ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់តំបង៕
=============================
លោក កឹម សុខា ថាអ្នកដឹកនាំ ត្រូវប្រកាន់ខ្ជាប់ នូវព្រហ្មវិហារធម៌ទាំងបួន ដើម្បីឱ្យប្រទេសមានក្តីសុខ
(ភ្នំពេញ)៖ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា អ្នកដឹកនាំល្អ ត្រូវតែប្រកាន់ខ្ជាប់នូវ ព្រហ្មវិហារធម៌ទាំង៤ ដើម្បីឱ្យប្រទេស ទទួលបានសុខសន្តិភាព និងរីកចម្រើន។ ការលើកឡើង របស់លោក កឹម សុខា បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលព្រះវិហារ និង បុណ្យបញ្ចុះខណ្ឌសីមា វត្តគិរីអណ្ដែត នៅភូមិរោលជ្រូក ឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០១៥នេះ។ លោក កឹម សុខា បានលើកឡើងថា «ដើម្បីឲ្យសង្គម ឬ ប្រទេសមួយ មានសេចក្ដីសុខ សេចក្ដីចម្រើន ស្ថិតស្ថេរ លុះត្រាតែសង្គមនោះមានយុត្ដិធម៌។ សង្គមមានយុត្ដិធម៌ អាស្រ័យលើអ្នកដឹកនាំ មានព្រហ្មវិហារធម៌(មេត្ដា ករុណា មុទិតា ឧបេក្ខា) ជាពិសេស ត្រូវ ប្រកាន់យកឧបេក្ខា(តាំងចិត្តជាកណ្ដាល)។ ប៉ុន្ដែអ្នកដឹកនាំ ត្រូវវៀរចាកនូវអគតិធម៌ (ឆន្ទាគតិ ទោសាគតិ មោហោគតិ ភយាគតិ) ដើម្បីជៀសវាងនូវភយាគតិ(ភាពភ័យខ្លាច) ដោយមិនត្រូវមាន ការគុំគួន សងសឹក គំរាមកំហែង និងធ្វើទុក្ខបុកម្នេញគ្នាឡើយ»៕
===========================================================
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់កាបូបជនបរទេស ដ៏សកម្ម ២នាក់ ទៅកាន់តុលាការ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥នេះ កម្លាំងអាវុធហត្ថ របស់លោក បានបញ្ជូនក្រុមចោរឆក់កាបូប និងទូរស័ព្ទ របស់ជនបរទេស ដ៏សកម្ម២នាក់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញហើយ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ចោរឆក់កាបូប២នាក់នេះមានឈ្មោះ កែវ វ៉ុន អាយុ៣៣ឆ្នាំ និងឈ្មោះ ចិន សុវិជ្ជា អាយុ៣២ឆ្នាំ ជាមុខសញ្ញាឆក់លើជនបរទេស ដែលត្រូវបានអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមេសា ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ នៅចំណុចស្ពាននាគ សង្កាត់វត្តភ្នំ ហើយជិះម៉ូតូរត់រហូតដល់ ចំណុចផ្លូវលេខ១៧៨ កែងសុធារស ទើបអាវុធហត្ថចាប់បាន ។ លោកឧត្តមសេនីយ៍ បានឱ្យដឹងថា ក្រោយពេលស្រាវជ្រាវ សមត្ថកិច្ចជំនាញ បានរកឃើញថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាចោរឆ ក់និងលួចយ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ហើយក៏ជាមុខសញ្ញាលួចឆក់ចាស់ ដែលធ្លាប់ជាប់ពន្ធនាគារទាំងពីរនាក់ផងដែរ៕
======================================================
លោក រ៉ុង ឈុន ថាការបង្ហាញខ្លួនរបស់លោក ជាមួយកម្មករ និងតំណាងរាស្រ្ត ក្នុងទិវាពលកម្មអន្តរជាតិ មិនប៉ះពាន់ដល់តម្លៃឯករាជ្យ របស់ គ.ជ.ប
(ភ្នំពេញ)៖ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន បានឱ្យដឹងថា ការបង្ហាញខ្លួន របស់លោក ជាមួយកម្មករ និងតំណាងរាស្រ្ត ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភានេះ មិនប៉ះពាល់ដល់ តម្លៃឯករាជ្យភាពរបស់គ.ជ.បនោះទេ ។ ការលើកឡើងរបស់លោក រ៉ុង ឈុន បានឆ្លើយតបចំពោះ ការចោទប្រកាន់ របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ដែលថា លោករ៉ុង ឈុន បានចូលរួមហែរក្បួនជាមួយកម្មករ និងតំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ នៅព្រឹកមិញ ធ្វើឱ្យគ.ជ.ប បាត់អព្យាក្រឹត្យភាព ។ លោករ៉ុង ឈុន បាននិយាយថា ការបង្ហាញខ្លួននេះ មិនមែនក្នុងនាមគ.ជ.បនោះទេ ហើយថាជាសិទ្ធិឯកជនរបស់លោក ក្នុងថ្ងៃឈប់ សម្រាកពីការងារ ដើម្បីឃ្លាំមើល ស្ថានភាព ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ៕
=======================================
ទិវាពលកម្មអន្តរជាតិ ឆ្នាំនេះ ក្រុមសហជីព ដាក់ញត្តិទាមទារ លក្ខខណ្ឌនានា ដោយគ្មានភាពចម្រូងចម្រាស់
(ភ្នំពេញ)៖ ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំនេះ ក្រុមកម្មករ សហជីពរាប់ពាន់នាក់ បានលើកគ្នាតវ៉ា ដាក់ញត្តិទាមទារលក្ខខណ្ឌការងារជាច្រើន ពីរាជរដ្ឋាភិបាលកម្ពុជា តាមគោលដៅ ផ្សេងៗគ្នា ប៉ុន្តែពុំមានភាពចម្រូងចម្រាស់ នោះទេ ។
ក្រុមសហជីពធំៗ បានបែងចែកជា៤ក្រុមផ្សេងៗគ្នា ដោយមួយក្រុម ដឹកនាំដោយ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ ហើយហែរញ្ញតិមករដ្ឋសភា , មួយក្រុមទៀតដឹកនាំ លោក វន ពៅ សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោកស្រីយ៉ាង សោភ័ណ្ឌ ប្រធានសហជីពជាតិកម្ពុជា ជួបជុំនៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយហែរទៅកាន់ក្រសួងការងារ , មួយក្រុមទៀត ដឹកនាំដោយ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ជួបជុំដាក់ញត្តិនៅរដ្ឋសភា និងមួយក្រុមទៀត ដឹកនាំដោយលោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ចូលរួមប្រារព្ធមិទ្ទិញជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
-តំណាងរាស្រ្ត រៀល ខេមរិន្ទ និង អ្នកស្រី យ៉ោម បុប្ផា លេចមុខនៅទីលានប្រជាធិបតេយ្យ តែអត់ចូលរួម
នៅទីលានប្រជាធិបតេយ្យ គេសង្កេតឃើញមានវត្តមានរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ និងអ្នកស្រី យ៉ោម បុប្ផា ក៏បានជិះរថយន្ត មកកាន់ទីលានប្រជាធិបតេយ្យផងដែរ ប៉ុន្តែអ្នកទាំងពីរ មិនបានចូលរួមសកម្មភាពជាមួយកម្មករនោះទេ។ វត្តមានរបស់លោកតែមួយ រយៈពេលខ្លីប៉ុណ្ណោះ ហើយក៏ឡើងរថយន្តជិះចេញទៅបាត់ទៅ។
-ក្រុមសហជីពដឹកនាំដោយ ប៉ាវ ស៊ីណា ដង្ហែញ្ញត្តិដាក់ស្ថានទូតអាម៉េរិក សហគមន៍អឺរ៉ុប និងរដ្ឋសភា
ក្រុមសហជីពចំនួន៦ ដែលដឹកនាំដោយលោក ប៉ាវ ស៊ីណា បានជិះរថយន្តចំនួន៥គ្រឿង តាមការអនុញ្ញាតិរបស់សាលារាជធានីភ្នំពេញ យកញ្ញត្តិរបស់ខ្លួនទៅដាក់នៅស្ថានទូតសហរដ្ឋអាម៉េរិក និវេសនដ្ឋានសហគមន៍អឺរ៉ុបប្រចាំកម្ពុជា និងវិមានរដ្ឋសភា។ ដោយឡែកមានការបង្អង់យឺតបន្តិច សម្រាប់ក្រុមលោក ប៉ាវ ស៊ីណា ដោយសារតំណាងស្ថានទូតអឺរ៉ុប មានការយឺតយ៉ាវក្នុងការចេញមកទទួលញ្ញត្តិ។
-តំណាងរាស្រ្ត គង់ សភា ចេញមកទទួលញ្ញតិ្តពីតំណាងកម្មកររបស់លោក ប៉ាវ ស៊ីណា
នៅពេលក្បួនដង្ហែរទៅដល់ តំណាងរាស្រ្តមណ្ឌលមកពីគណបក្សសង្រ្គោះជាតិ លោក គង់ សភា បានចេញមកទទួលញ្ញត្តិពីតំណាងកម្មករ ដែលដឹកនាំដោយ លោក ប៉ាវ ស៊ីណា។
រីឯក្រុមរបស់លោក អាត់ ធន់ និង លោក វន់ ពៅ ត្រូវបានតំណាងរាស្រ្ត កែ សុវណ្ណរតន៍ និងលោកស្រី មូរ សុខហួរ ចេញមកទទួល។
លោកស្រី កែ សុវណ្ណរតន៍ បានថ្លែងទៅកាន់បណ្ដាក្រុមសហជីពកម្មករ និងអ្នកសារព័ត៌មានថា “ខ្ញុំនឹងយកញ្ញត្តិ ដែលតំណាងសហជីពកម្មករយកទៅដាក់នោះ និងសំណូមពរដែលសហជីព និងកម្មករចង់បាននេះ ទៅជជែកពិភាក្សានៅក្នុងគណៈកម្មាធិការឲ្យបានស៊ីជម្រៅ ហើយនិងទៅជំរុញឲ្យរាជរដ្ឋាភិបាល ដោះស្រាយបញ្ហានេះ ជូនអ្នកទាំងអស់គ្នាប្រកបដោយធម៌អហិង្សា”។
បន្ទាប់ពីបានដាក់ញ្ញត្តិជូនទៅដល់រដ្ឋសភារួចមក លោក អាត់ ធន់ ដែលជាប្រធានសហភាព ការងារកម្ពុជា បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ការដាក់ញ្ញត្តិ ទៅកាន់រដ្ឋសភានេះ មានសង្ឃឹមថា នឹងអាចទទួលបានលទ្ធផលល្អប្រសើរចាប់ពី ៨០ទៅ៩០ភាគរយ ដោយលោកបានអះអាងថា “ដោយសារប្រធានបទទាំងនេះ គឺជាប្រធានបទដែលមានជារៀងរាល់ឆ្នាំ ហើយសភា និងរាជរដ្ឋាភិបាល ក៏មានការយកចិត្តទុក្ខដាក់រួចហើយ ព្រោះអ្នកតំណាងរាស្រ្តរបស់រាជរដ្ឋាភិបាលបានជួយ និងយកចិត្តទុកដាក់ច្រើនជាងមុន ដោយសារតែពួកគេបារម្ភខ្លាចបាត់បង់ការគាំទ្រ នៅពេលដែលមានការបោះឆ្នោតអាណត្តិខាងមុខៗទៀត”។
ចំណែកក្រសួងការងារវិញរួមសហការជាមួយក្រុម សហជីពធំៗមួយចំនួន បានប្រារព្ធពិធីអបអរខួប អនុស្សាវរីយ៍លើកទី១២៩ ទិវាពលកម្មអន្តរជាតិ១ ឧសភានៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដោយមានការចូលរួមពីតំណាងកម្មករ និយោជិក ចូលរួមរាប់ពាន់នាក់៕
=================================
លោក សម រង្ស៊ី ចុះសំណេះសំណាល ជាមួយកម្មករវាយថ្ម នៅការដ្ឋានវាយថ្ម ឃុំព្រៃគ្រី
(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥នេះ បានចុះសំណេះសំណាល ជាមួយកម្មករ នៅការដ្ឋានវាយថ្ម ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ តាមរយៈវីដេអូមួយ ដែលបង្ហោះ នៅលើទំព័រ Facebook របស់លោក សម រង្ស៊ី នៅថ្ងៃទី១ ខែឧសភានេះ បានឱ្យដឹងថា ក្រៅពីសំណេះសំណាល លោកសម រង្ស៊ី ក៏បានសាកល្បង វាយថ្ម នៅតំបន់នោះផងដែរ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ តំបន់នោះផងដែរ៕
==============================================
កម្មការិនី ៥៩នាក់ ចូលរួមប្រឡង ជ្រើសរើសកម្មការិនី សម្រស់ឯង ប្រចាំឆ្នាំ២០១៥
(ភ្នំពេញ)៖ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មានកម្មការិនី ប្រមាណ៥៩នាក់ មកពីបណ្តារោងចក្រនានា បានចូលរួមប្រឡងជ្រើសរើស កម្មការិនី សម្រស់ឯង ប្រចាំឆ្នាំ២០១៥ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥នេះ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដើម្បីលើកទឹកចិត្ត ដល់កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជា ក្នុងទិវាពលកម្មអន្តរជាតិ លើកទី១២៩ ក្នុងនោះ នឹងត្រូវ ជ្រើសរើសម្ចាស់ជ័យលាភី៥រូប ពីលេខ១ដល់លេខ៥ ផ្តល់រង្វាន់ផ្សេងៗគ្នា ។ ចំណែកកម្មការិនីក្រៅពីនោះ ក៏ទទួលបានរង្វាន់លើកទឹកចិត្ត ផងដែរ។ ការប្រគល់រង្វាន់ នឹងធ្វើឡើង នៅម៉ោង៥៖០០នាទី ល្ងាច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥នេះ៕
=======================================
ក្រុមកម្មករ សហជីព ដែលដឹកនាំដោយ លោក ប៉ាវ ស៊ីណា ជួបជុំក្នុងទិវាពលកម្មអន្តរជាតិ បានរំសាយហើយ
(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង១២៖០០ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥នេះ ក្រុមសហជីព កម្មករ ដឹកនាំដោយ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ដើម្បីជួបជុំក្នុង ទិវាពលកម្មអន្តរជាតិ ១ឧសភា បានរំសាយហើយ។ ក្រុមសហជីពនេះ បានជួបជុំគ្នាសម្តែងមតិ នៅលើទីលានប្រជាធិបតេយ្យ ហើយហែញត្តិ មកកាន់រដ្ឋសភា ។ សូមជំរាបថា នៅថ្ងៃទី១ ឧសភានេះ ក្រុមសហជីពធំៗ បានរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា នៅតាមគោលដៅផ្សេងៗគ្នា ដើម្បីទាមទារ លក្ខខណ្ឌការងារមួយចំនួន ពីស្ថាប័នរាជរដ្ឋាភិបាល ក្រសួងការងារ និងរដ្ឋសភា ៕
==============================
រដ្ឋមន្រ្តីការងារ ដាក់ចេញ យន្តការវប្បធម៌ជាមួយសហជីព រៀងរាល់៣ខែម្តង ដើម្បីរួមគ្នាដោះស្រាយបញ្ហាកម្មករ
(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ២០១៥នេះ រដ្ឋមន្រ្តីក្រសួងការងារ នឹងរៀបចំកិច្ចប្រជុំ ជាមួយគ្រប់មេដឹកនាំសហជីព និងនិយោជក រៀងរាល់៣ខែម្តង ដើម្បីបង្កើតវប្បធម៌សន្ទនា រួមគ្នាដោះស្រាយបញ្ហារបស់កម្មករ ។ លោកនិយាយថា ការកិច្ចប្រជុំ ទៀងទាត់នេះ នឹងជួសម្រួលដល់ភាគីពាក់ពន្ធ នៃទំនាក់ទំនងវិជ្ជាជីវៈ ប្រើប្រាស់ការសន្ទនា ជាមធ្យោបាយ សម្រាប់ដោះស្រាយកង្វល់ របស់ភាគីពាក់ព័ន្ធ ដោយត្រង់ៗតែម្តង។ ជុំវិញយន្តការថ្មីនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឱ្យដឹងថា លោកស្វាគមន៍ចំពោះ យន្តការរួមគ្នា ដោះស្រាយបញ្ហា របស់កម្មករនាពេលនេះ ប៉ុន្តែលោកស្នើឱ្យយន្តការនេះ ត្រូវធ្វើយ៉ាងណា ដំណើរការទៅឱ្យមានប្រសិទ្ធភាព៕
====================================================
ជនបរទេស ១៦នាក់ ត្រូវបានចាប់ខ្លួន នៅខេត្តព្រះសីហនុ ដើមឆ្នាំ២០១៥នេះ
(ព្រះសីហនុ)៖ យ៉ាងហោចណាស់មានជនបរទេស ១៦នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ នៅក្នុងខេត្តព្រះសីហនុ នៅរយៈពេល៤ខែ ដើមឆ្នាំ២០១៥ , នេះបើតាមលោក ជួន ណារិន ស្នងការខេត្តព្រះសីហនុ ដែលទើបឡើងកាន់តំណែង។ លោក ជួន ណារិន បានឱ្យដឹងថា ក្នុងចំណោមជនបរទេស ដែលត្រូវចាប់ខ្លួន ទាំងនោះ មានជនជាតិរុស្ស៊ីមានចំនួនច្រើនជាងគេ រហូតដល់ទៅ៧នាក់ ក្រៅពីនោះមាន ជនជាតិអូស្រាលី, ជនជាតិស្លូវ៉ានៀ , ជនជាតិលីតូនៀ , ជនជាតិអង់គ្លេស, ជនជាតិកូរ៉េ និងជនជាតិបរទេសមួយចំនួន ។ លោកស្នងការ បាននិយាយថា ជនបរទេសទាំងនេះ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធទៅនឹងបទល្មើស រួមបង្កការអុកឡុកក្នុងមូលដ្ឋាន, បាត់ការចងចាំ , សតិមិនប្រក្រតី, រស់នៅលើសទិដ្ឋាការ, រំលោភលើសេចក្ដីទុកចិត្ដ , ស្នាក់នៅ មិនស្របច្បាប់ និង គ្មានប័ណ្ណការងារជាដើម៕
======================================================
តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ចេញមកទទួលញត្តិ ពីសហជីព នៅខាងមុខរដ្ឋសភា
(ភ្នំពេញ)៖ ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ដែលដឹកនាំ ដោយលោកស្រី កែ សុវណ្ណរតន៍ និង លោកស្រី មួរ សុខហួរ នៅម៉ោងជាង១០៖០០ ព្រឹកថ្ងៃទី១ ខែឧសភានេះ បានចេញមកទទួលញត្តិ ពីក្រុមសហជីពលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា នៅខាងមុខរដ្ឋសភា។ ញត្តិនេះ មានការទាមទារលក្ខខណ្ឌ ចំនួន១៨ចំណុច រួមមានស្នើឱ្យដំឡើងប្រាក់ឈ្នួល១៧៧ដុល្លារ បញ្ឈប់ការរិតត្បិតសេរីភាព របស់សហជីព ឱ្យរដ្ឋាភិបាលត្រូវចាប់ខ្លួន លោក ឈូក បណ្ឌិត និងស្នើឱ្យដកពាក្យបណ្តឹងមកលើសហជីពជាដើម ។ ក្រោយពីប្រគល់ញត្តិនេះដល់រដ្ឋសភា ក្រុមកម្មករ សហជីព ដែលដឹកនាំដោយលោក អាត់ ធន់ បានប្រកាស រំលាយហើយ ៕
===========================================
លោក កឹម សុខា ចុះសម្ពោធសមិទ្ធផលព្រះវិហា និងបញ្ចុះសីមា នៅវត្តគិរីអណ្តើក
(កំពង់ចាម)៖ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥នេះ បានចូលរួម ជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលព្រះវិហារ និង បុណ្យបញ្ចុះខណ្ឌសីមា នៃវត្តគិរីអណ្ដើត នៅភូមិរោលជ្រូក ឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ មន្រ្តីគណបក្សសង្រ្គោះជាតិ និយាយថា ពិធីសម្ពោធ សមិទ្ធិផលព្រះវិហារ និង បុណ្យបញ្ចុះខណ្ឌសីមានេះ ក៏មានការចូលរួមពីតំណាងរាស្រ្ត និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមួយចំនួនផងដែរ ហើយថា បន្ទាប់ពីនោះ លោក កឹម សុខា ជាអនុប្រធានទី១ នៃរដ្ឋសភា ក៏នឹងចូលរួមវេទិកា រាស្ដ្រនិងតំណាងរាស្ត្រ របស់គណបក្សសង្រ្គោះជាតិនៅភូមិនេះ ដើម្បីស្តាប់យោបល់ ពីប្រជាពលរដ្ឋ ផងដែរ៕
===================================================
លោក អ៊ិត សំហេង៖ កម្ពុជា ទទួលបានចំណូល ជាង១ពាន់លានដុល្លារ ក្នុង១ឆ្នាំ ពីពលករខ្មែរ ដែលទៅធ្វើការនៅក្រៅប្រទេស
(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្នុងមួយឆ្នាំៗ ពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស បានបញ្ជូន លុយមកឱ្យ ក្រុមគ្រួសារ នៅស្រុកកំណើត ប្រមាណជាង១ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ ការលើកឡើងរបស់លោក អ៊ិត សំហេង បានធ្វើឡើង នៅក្នុងឱកាស ប្រារព្ធខួបលើកទី១២៩ នៃទិវាពលកម្មអន្តរជាតិ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១ ឧសភានេះ។ លោករដ្ឋមន្រ្តី បានថ្លែងថា «ក្រៅពីការងារក្នុងស្រុក ក្នុងឆ្នាំ២០១៤ មានពលករប្រមាណ៧២ម៉ឺននាក់ ទទួលបានការងារធ្វើ នៅក្រៅប្រទេស ដែលបាននាំប្រាក់ចំណូលមកក្នុងប្រទេស ជាង១ពាន់លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ» ។ តាមរបាយការណ៍ របស់ក្រសួងការងារ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា បានបញ្ជូនពលករ ទៅធ្វើការ នៅប្រទេសចំនួន៥ រួមមាន ថៃ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និងកូរ៉េ ។ ពលករទាំងនោះ ទៅធ្វើការក្នុងផ្នែកកសិកម្ម សំណង់ ឧស្សាហកម្ម និង នេសាទជាដើម៕
================================================
ក្រសួងការងារ និង សហជីព ប្រារព្ធពិធីអបអរខួបអនុស្សាវរីយ៍ លើកទី១២៩ ទិវាពលកម្មអន្តរជាតិ១ឧសភា
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមសហការជាមួយក្រុមសហជីពធំៗមួយចំនួន បានប្រារព្ធពិធីអបអរខួបអនុស្សាវរីយ៍លើកទី១២៩ ទិវាពលកម្មអន្តរជាតិ១ ឧសភា ដែលពិធីនេះ បានធ្វើឡើងទីស្តីការក្រសួង ក្រោមអធិបតីភាព លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដោយមានការចូលរួមពីតំណាងកម្មករ និយោជិក ចូលរួមរាប់ពាន់នាក់។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ព្រឹត្តិការណ៍ទិវាពលកម្មអន្តរជាតិ១ឧសភា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ តាំងពីក្រោយថ្ងៃ៧មករា ឆ្នាំ២១៩៧៩។ ឆ្នាំ២០១៤ កន្លងទៅទោះជាសភាពការណ៍នយោបាយ មិនអំណោយផល ប៉ុន្តែរាជរដ្ឋាភិបាលបានរៀបចំពិធីមីទ្ទិញថ្នាក់ជាតិ ថ្ងៃទី១ ឧសភានេះដែរ ។ ឆ្នាំនេះ រាជរដ្ឋាភិបាល ក៏បានចេញសារាចរណែនាំ និងសារលិខិត ដើម្បីបំផុស លើកទឹកចិត្ត គ្រប់ក្រសួងស្ថាប័នបាក់ព័ន្ធ រោងចក្រសហគ្រាសនានា ត្រៀមរៀបចំកម្មវិធី សំណេះសំណាលជាមួយកម្មករនិយោជិត កម្មវិធីកម្សាន្តសប្បាយពិធីជប់លៀងរាំកម្សាន្ត រៀបចំដំណើរទេសចរណ៍ រៀបចំឱ្យកម្មករកម្មការិនីឈប់សម្រាកលំហែ ។ល។ ដែលនាំមកនូវបរិយាកាសសាមគ្គីភាព ភាតរភាព ក្នុងសង្គម។
លោករដ្ឋមន្រ្តីបានបន្ថែមថា ការប្រារព្ធមីទ្ទិញថ្នាក់ជាតិ ថ្ងៃទី១ឧសភា ឆ្នាំ២០១៥ នាពេលនេះ ស្របពេលដែលសភាពការណ៍ របស់ប្រទេសជាតិ កំពុងមានការវិវឌ្ឍល្អប្រសើរ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជំនះពុំពារគ្រប់ការលំបាក គ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាបាតុកម្ម កុបកម្ម រក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រក្រតីភាពនៃជីវភាព និងបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយជោគជ័យ៕
=================================
ក្រុមសហជីព យកទិវាពលកម្មអន្តរជាតិ ១ឧសភា ដើម្បីទាមទារ លក្ខខណ្ឌការងារ ផ្សេងៗ
(ភ្នំពេញ)៖ នៅក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំនេះ ក្រុមសហជីព បានដង្ហែក្បួន ដោយទាមទារលក្ខខណ្ឌនានា ពីស្ថាប័នជំនាញ ដោយក្នុងនោះមានការដាក់ញត្តិ ជូនរដ្ឋសភា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម ។ តាមសេចក្តីរាយការណ៍ ពីក្រុមអ្នកទាមទារបានឱ្យដឹងថា ក្រុមសហជីព លោកស្រី យ៉ាង សោភ័ណ្ឌ និង លោក វន ពៅ នៅម៉ោង៩៖០០ព្រឹកនេះ បានដង្ហែក្បួនទៅដល់ក្រសួងការងារហើយ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន ខណៈដែលក្រុមសហជីព លោក អាត់ ធន់ បានប្រមូលផ្តុំនៅខាងមុខរដ្ឋសភា ។ ទន្ទឹមនឹងនេះ លោក ប៉ាវ ស៊ីណា សម្ព័ន្ធសហជីពចលនាកម្មករ ក៏បានជួបជុំគ្នា នៅលើទីលានប្រជាធិបតេយ្យ ។ ញត្តិជាច្រើន ត្រូវបានរៀបចំរួចជាស្រេច សម្រាប់ដាក់ជូនស្ថាប័នទាំងនោះ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល , ឱ្យរដ្ឋាភិបាល ទំលាក់បទចោទប្រកាន់មកលើសហជីព និងលក្ខខណ្ឌផ្សេងៗជាច្រើនទៀត៕