Friday, May 1, 2015

អំពីរដ្ឋសភា


រដ្ឋសភា មានសមាជិកតំណាងរាស្ត្រយ៉ាងតិច ១២០ រូប។ តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយ ការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោត ជាសម្ងាត់។
តំណាងរាស្ត្រ អាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន។ អ្នកដែលមានសិទ្ធិឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ ឆ្នាំ មានសញ្ជាតិជាខ្មែរតាំងពីកំណើត។
អង្គការរៀបចំការបោះឆ្នោត បែបបទ និង ការប្រព្រឹត្តទៅនៃការបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់បោះឆ្នោត។

តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។
អាណត្តិអាជ្ញាបញ្ជាទាំងឡាយ ត្រូវទុកជាមោឃៈ។
នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ។
ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និង បន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។
ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៦០ ថ្ងៃ យ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក។

ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ។
ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។
ការប្រកាសបន្តនីតិកាលរបស់រដ្ឋសភា ត្រូវសម្រេចដោយមតិយល់ព្រម ពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
អាណត្តិនៃសមាជិករដ្ឋសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈ ជាសកម្ម និង ជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វៀរលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។
ក្នុងករណីនេះ សមាជិករដ្ឋសភារូបនោះមានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការ អចិន្ត្រៃយ៍ និងក្នុងគណៈកម្មការផ្សេងៗនៃរដ្ឋសភា។
តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។
តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច។
សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រដ្ឋសភាមានថវិកាស្វយ័ត សម្រាប់ដំណើរការ។
តំណាងរាស្ត្រ ត្រូវទទួលប្រាក់បំណាច់។
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្ដើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណាត្តិរបស់សមាជិកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
តំណាងរាស្ត្រទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងដូចមានខ្លឹមសារចែងក្នុង ឧបសម្ព័ន្ធទី ៥ នៃរដ្ឋធម្មនុញ្ញ។
រដ្ឋសភា ប្រជុំជាសាមញ្ញ ពីរដង ក្នុងមួយឆ្នាំ។
សម័យប្រជុំនីមួយៗ មានថិរៈវេលាយ៉ាងតិចបីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្ដីស្នើសុំពីនាយករដ្ឋមន្ត្រី ឬពីសមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។
ក្នុងករណីនេះ របៀបវារៈជាក់លាក់នៃសម័យប្រជុំជាវិសាមញ្ញត្រូវផ្សាយដល់ប្រជារាស្ត្រជាមួយនឹងថ្ងៃកំណត់ប្រជុំ។
នៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាទទួលភារកិច្ចចាត់ចែងការងារ។
គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភារួមមាន : ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំងអស់របស់រដ្ឋសភា។
សម័យប្រជុំរដ្ឋសភា ត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសាលប្រជុំរបស់ រដ្ឋសភា លើកលែងតែមានការសម្រេចផ្សេងចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈ តម្រូវ។
ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងពីកាលបរិច្ឆេទ ដែលកំណត់ក្នុងសេចក្ដីអញ្ជើញ ការប្រជុំណាក៏ដោយរបស់រដ្ឋសភាត្រូវទុកជាខុសច្បាប់ ហើយជាអសារសូន្យពេញលក្ខណៈ។
ក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ រដ្ឋសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។
បើរដ្ឋសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។
នៅពេលដែលប្រទេសជាតិឋិតក្នុងភាពអាសន្ន រដ្ឋសភាមិនអាចត្រូវរំលាយបានឡើយ។
ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភា ទទួលអាញ្ញត្តិច្បាប់ និងសេចក្ដីសម្រេចចិត្តទាំងឡាយ ដែលរដ្ឋសភាបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និង ចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភា។
ក្នុងករណី ដែលប្រធានរដ្ឋសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជម្ងឺ ឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី ឬជាព្រះរាជានុសិទ្ធិ ឬបំពេញបេសកកម្មនៅបរទេស អនុប្រធានរដ្ឋសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស។
ក្នុងករណីដែលប្រធាន ឬអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី។
ការប្រជុំរដ្ឋសភា ត្រូវធ្វើជាសាធារណៈ។
រដ្ឋសភាអាចប្រជុំជាសម្ងាត់បាន តាមការស្នើសុំពីប្រធានឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិចពី ព្រះមហាក្សត្រ ឬពីនាយករដ្ឋមន្ត្រី។
ការប្រជុំរដ្ឋសភា នឹងយកជាការបាន លុះត្រាតែមាន:
ក- កូរ៉ុមលើសពី ពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័ត ទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើន ពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ខ- កូរ៉ុមលើសពីពាក់កណ្ដាល នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភា ទាំងមូល។
តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញឥស្សរជនដ៏ឧត្ដមណាមួយមកបំភ្លឺរដ្ឋសភា អំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។
រដ្ឋសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។
រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការឱ្យរដ្ឋខ្ចីប្រាក់ពីគេ ការឱ្យរដ្ឋឱ្យប្រាក់គេខ្ចី ការសន្យានានា ផ្នែកហិរញ្ញវត្ថុ និង ការបង្កើត កែប្រែ ឬលុបចោលពន្ធដារ។
រដ្ឋសភាឱ្យសេចក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការលើកលែងទោសជាទូទៅ។
រដ្ឋសភាអនុម័តយល់ព្រម ឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ។ រដ្ឋសភាអនុម័តច្បាប់ស្ដីពីការប្រកាសសង្គ្រាម។
ការអនុម័តខាងលើនេះ ប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល តាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និង នាយករដ្ឋមន្ត្រី មានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់។
តំណាងរាស្ត្រ មានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈ ឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។
ការអនុម័តទាំងឡាយរបស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ នឹងត្រូវចាត់ទុកជាអាសារសូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនេះ។
ច្បាប់ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេលដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំងប្រទេសក្នុងរយៈពេលម្ភៃថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ។ ប៉ុន្តែបើច្បាប់នេះ បានចែងថាជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេស ក្រោយថ្ងៃប្រកាសឱ្យប្រើ។
ច្បាប់ ដែលព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ច និង ផ្សព្វផ្សាយនៅទូទាំងប្រទេសឱ្យទាន់តាមពេលកំណត់ខាងលើ។
រដ្ឋសភាបង្កើតគណៈកម្មការផ្សេងៗ ដែលចាំបាច់។ ការរៀបចំ និង ការប្រព្រឹត្តទៅនៃរដ្ឋសភា នឹងមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្ម លាលែង ឬប្រាសចាកសមាជិកភាព ដែលកើតមានឡើង ៦ខែ យ៉ាងតិចមុនចប់នីតិកាល ត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះ តាមល័ក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងក្នុងច្បាប់បោះឆ្នោត។
តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយលក្ខណ៍អក្សរប្រគល់ជូនតាមរយៈប្រធាន រដ្ឋសភា។
ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់មន្ត្រីមួយរូប ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ត្រូវឆ្លើយផ្ទាល់ខ្លួន។
ចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឬ សរសេរជាលាយលក្ខណ៍អក្សរ។
ចម្លើយខាងលើនេះ ត្រូវធ្វើឡើងក្នុងរយៈពេល ប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។
ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឱ្យមាន ឬមិនឱ្យមានការជជែកដេញដោល។ បើគ្មានការបើកឱ្យជជែកដេញដោលទេនោះចម្លើយរបស់ រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី នឹងបញ្ចប់សំណួរតែម្ដង។
បើមានការបើកឱ្យជជែកដេញដោលម្ចាស់សំណួរ វាគ្មិនឯទៀត និងរដ្ឋមន្ត្រីពាក់ព័ន្ធ ឬនាយករដ្ឋមន្ត្រីអាចជជែកប្ដូរយោបល់ ក្នុងរយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំឡើយ។
រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃ ក្នុងមួយសប្ដាហ៍ សម្រាប់ការឆ្លើយសំណួរ។ ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះមិនអាចបើកលទ្ធភាពឱ្យមាន ការបោះឆ្នោតប្រភេទណាមួយបានឡើយ។
គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។
រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។

No comments:

Post a Comment