Saturday, August 22, 2015

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធុញទ្រាន់នឹងសហរដ្ឋអាមេរិក ដែលតែងរំលឹកកម្ពុជា អំពីការផ្លាស់ប្តូរ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកមានការធុញទ្រាន់ ចំពោះសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន ដែលតែងមិនទទួលស្គាល់ អំពីការផ្លាស់ប្តូរជាបន្តបន្ទាប់នៅកម្ពុជា ហើយតែងទូន្មានដល់កម្ពុជាអំពីការផ្លាស់ប្តូរនេះ នាពេលកន្លងមក។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីទទួលទានអាហារសាមគ្គី ជាមួយនឹងក្រុមឧកញ៉ា អ្នកវិនិគិន និងមន្រ្តីជាន់ខ្ពស់មួយចំនួន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត កោះពេជ្រ កាលពីរាត្រី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ។

សម្តេចបានលើកឡើងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះលោកបានជួបជាមួយនឹងលោក William E –Todd អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលទើបចប់អាណត្តិ ហើយគាត់បានពន្យល់អំពីការផ្លាស់ប្តូរនានាជូនលោក ដែលធ្វើឱ្យមានការធុញទ្រាន់យ៉ាងខ្លាំង ដោយសារតែ អគ្គរដ្ឋទូតមួយនេះ ហាក់មិនបានទទួលស្គាល់នូវការផ្លាស់ប្តូរនៅកម្ពុជា ។

សម្តេចបានថ្លែងថា «បើខ្ញុំមិនយល់ដឹងអំពីការផ្លាស់ប្តូរ និងមិនអាចគ្រប់គ្រងបាន នៅដំណើរការនៃការផ្លាស់ប្តូរ តើខ្ញុំអាចមានលទ្ធភាពឋិតនៅក្នុងអំណាចរយៈពេលជាង៣០ឆ្នាំ ទេឬ? ព្រោះខ្ញុំធុញទ្រាន់នូវការទូន្មានរបស់ប្រទេសខ្លះមកលើកម្ពុជា ! ផ្លាស់ប្តូរ ! ផ្លាស់ប្តូរ ! ខ្ញុំបានប្រាប់គាត់ថា ដោយសារតែអាមេរិកមិនអាចគ្រប់គ្រងបាននូវការផ្លាស់ប្តូរ នៅលីប៊ី នៅស៊េរី នៅអ៊ីរ៉ាក់ និងនៅអាហ្គានីស្ថាន ទើបបានជាមានពួក ISIS ធ្វើសកម្មភាពនៅទីនោះ»

សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលឹកថា ការផ្លាស់ប្តូរមិនមែនទាន់តែផ្លាស់ប្តូរមេដឹកនាំ ទើបហៅថាផ្លាស់ប្តូរនោះទេ ក្នុងនោះសម្តេចបាននិយាយថា អំពីការផ្លាស់ប្តូរជាបន្តបន្ទាប់នៅកម្ពុជា ដូចជាការផ្លាស់ប្តូរ របស់កម្ពុជាពីសង្គ្រាមមកសន្តិភាព, ពីការគ្រប់គ្រងតាមបែបសេដ្ឋកិច្ចផែនការ ដែលគ្រប់តម្លៃអ្វីៗត្រូវកំណត់ដោយរដ្ឋ មកជាទីផ្សារសេរី , ភាពរីកចម្រើននៃវិស័យសំណង់អគារ, ការធ្វើកំណែទម្រង់រដ្ឋ និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចជាដើម។


សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ក៏បានរំពឹងថា អគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William Heidt ដែលចូលមកកាន់តំណែងនៅកម្ពុជាពេលនេះ នឹងមានការយល់ដឹងច្រើនអំពីការផ្លាស់ប្តូរ របស់កម្ពុជាបានច្រើន ជាងអគ្គរដ្ឋទូតមុន ៕

No comments:

Post a Comment