Tuesday, February 10, 2015

ក្រសួង ព្រមានចាត់ វិធានការ ចំពោះរោងចក្រ ដែលបង្ខំ កម្មករ ធ្វើការថែម ម៉ោង លើសការកំណត់

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានព្រមានចាត់វិធានការ ចំពោះរោងចក្រនានា ដែលបាន បង្ខំឱ្យកម្មករ ធ្វើការថែមម៉ោង លើការកំណត់ ខណៈដែលកម្ពុជា ពេលនេះ អនុញ្ញាតឱ្យមានការ ថែមម៉ោង ត្រឹម ២ម៉ោង ក្នុងមួយថ្ងៃ ប៉ុន្តែ ការថែមម៉ោងនោះ ត្រូវតែធ្វើឡើង ដោយមានការស្រុះស្រួលគ្នា រវាងថៅកែ និងកម្មករនិយោជិត ។

លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការថែមម៉ោង ហួសពីការកំណត់ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពរបស់កម្មករ រហូតពេល ឈានដល់ការដួលសន្លប់ និង ធ្លាក់ខ្លួន ឈឺជាដើម។


លោកបានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ ប្រចាំឆ្នាំ របស់ក្រសួងការងារ ស្តីពីវឌ្ឍន ភាព ការងារឆ្នាំ២០១៤ ទិសដៅការងារឆ្នាំ២០១៥ នៃការអនុវត្តផែនការយុត្តសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ ដែលធ្វើនៅក្រសួងការងារ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា «ការដែលថែមហួសប្រមាណពេក វាធ្វើឱ្យប៉ះពាល់ដល់សុខភាព របស់បងប្អូនកម្មករ ដែលអាចឈានដល់ មាន បញ្ហា ដួចជាដួលសន្លប់អីហ្នឹង សុទ្ធតែជាបញ្ហាពិបាកដោះស្រាយ ហើយបើក្រសួងរកឃើញមានករណីហ្នឹង គឺថា មិនអត់ ឱនឱ្យទេ យើងនឹងចាត់វិធានការ ជាពិសេស គឺហាមដាច់ខាតការបង្ខំ»។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខូវឌូ) បានសម្តែងការគាំទ្រ ចំពោះ ចំណាត់ការរបស់ក្រសួងការងារ ក្នុងការរឹតបន្តឹង នៅតាមរោងចក្រ មិនឱ្យមានការបន្ថែមម៉ោងដល់កម្មករ ធ្វើការ ច្រើនម៉ោង ក្នុងមួយថ្ងៃ។ លោកថា «ចំណាត់ការនេះល្អ ដែលអាចធានាដល់កម្មករឱ្យមានសុខភាពល្អ ព្រោះថា ការធ្វើការច្រើនម៉ោងពេក អាចធ្វើឱ្យកម្មករដួលសន្លប់ ឈឺ និងអាចស្លាប់មុនអាយុ ដូច្នេះខ្ញុំគិតថា នៅ ស្រុកខ្មែរ កម្មករធ្វើការ៨ម៉ោង ទៅ១០ម៉ោង គឺសមរម្យហើយ» ។

ទោះជាយ៉ាងណា លោក អាត់ ធន់ ក៏បានអំពាវនាវ ឱ្យក្រសួងគិតគួរ ពីការដំឡើងប្រាក់ឈ្នួល ដល់កម្មករ ឱ្យ ច្រើនថែមទៀត នៅពេលដែលពួកគេ ទទួលបាន ប្រាក់ឈ្នួលតិចតួច ពីការកាត់បន្ថយការ ថែមម៉ោងនេះ។

លោក ខេន លូ អគ្គលេខធិការ សមាគមរោងចក្រកាត់ដេរ កម្ពុជា បានចាត់ទុកថា ចំណាត់ការនេះ មិនមែន ជារឿងថ្មីនោះទេ ដោយសារតែច្បាប់ ការងារកម្ពុជា បានកំណត់ ឱ្យមានកម្មករធ្វើការថែមម៉ោង ត្រឹម ២ម៉ោងក្នុង មួយថ្ងៃ តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ ប៉ុន្តែលោកបានទទួលស្គាល់ថា បច្ចុប្បន្ននេះ នៅមាន រោងចក្រ មួយចំនួន បានឱ្យកម្មករធ្វើការថែមម៉ោង លើសពី២ម៉ោងមែន ដែលការធ្វើនេះ ភាគច្រើនមានការព្រមព្រៀង រវាងកម្មករ និងថៅកែ ។  លោកស្នើឱ្យក្រសួង ចាត់វិធានការ ចំពោះរោងចក្រទាំងឡាយណា ដែលល្មើស នឹងច្បាប់ការងារនៅកម្ពុជា៕

No comments:

Post a Comment