Monday, April 6, 2015
ក្រុងសៀមរាប របស់កម្ពុជា ជាប់ជាទីក្រុងគោលដៅទេសចរណ៍ ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី និងលេខ២ លើសាកលលោក
ភ្នំពេញ៖ ក្រុងសៀមរាប របស់ប្រទេសកម្ពុជា ពេលនេះ បានជាប់ចំណាត់ថ្នាក់ជា ទីក្រុងគោលដៅទេសចរណ៍ លេខ១ នៅតំបន់អាស៊ី និង ជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ក្នុងការវាយតម្លៃទីក្រុងទាក់ទាញ នៅឆ្នាំ២០១៥នេះ។
ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃ ដោយស្ថាប័ន TripAdvisor ជាភ្នាក់ងារប្រឹក្សាយោបល់ក្នុងការធ្វើដំណើរទេសចរ នៅលើពិភពលោក ក្នុងនោះក្រុងសៀមរាប ត្រូវបានបោះឆ្នោត (តាមអនឡាញ) ជ្រើសរើសឱ្យជាប់ ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ទីក្រុងស្រស់ស្អាត ប្រកបដោយភាពទាក់ទាញ ចំនួន២៥ ខណៈដែល ទីក្រុង Marrakech របស់ប្រទេស Morocco ទទួលបាន ចំណាត់ថ្នាក់លេខ១។ ក្រុង ISTANBUL របស់ប្រទេសតួកគី បានទទួលចំណាត់ ថ្នាក់លេខ៣ ខណៈដែលក្រុងហាណូយ របស់ប្រទេសវៀតណាម ទទួលបាន ចំណាត់ថ្នាក់លេខ៤ ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសាទរចំពោះលទ្ធផលនេះ។ លោកចាត់ទុកថា លទ្ធផលនេះ នឹងធ្វើឱ្យកម្ពុជា ទទួលបានកំណើនភ្ញៀវទេសចរណ៍ កាន់តែច្រើនឡើងថែមទៀត ។ លោកបានថ្លែងប្រាប់ FRESH NEWS តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះថា «ឥឡូវយើងបានលេខ១ នៅអាស៊ីហើយ បានលេខ២ នៅលើពិភពលោកហើយ ទាំងនេះ បានមកពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា ទាំងផ្នែកឯកជន និងផ្នែកសាធារណៈ ក្រោមការដឹកនាំរបស់សម្តេចតេជោ យើងត្រូវប្រឹងប្រែងតទៅទៀត ដើម្បីរក្សាជ័យលាភីនេះ ឱ្យបានព្រោះអាទិត្យក្រោយនេះ គេមកប្រកាស ជូនរង្វាន់ហើយ» ។
ចំណាត់ថ្នាក់នេះ ក៏ត្រូវបាន វាយតម្លៃទៅលើ សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្ម និងភាពស្រស់ស្អាតពណ៌បៃតង របស់ក្រុងសៀមរាប ដែលធ្វើឱ្យទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ខ្លាំងជាងទីក្រុងដទៃ។ កាលពីឆ្នាំមុន ក្រុងសៀមរាប របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ នៅតំបន់អាស៊ី (បន្ទាប់ពីក្រុងក្យូតូ របស់ជប៉ុន) និង លេខ៤ នៅលើពិភពលោក ដែលជាលទ្ធផលល្អប្រសើរ ជាងឆ្នាំ២០១៣។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment