Tuesday, February 3, 2015
សម្តេច ហ៊ុន សែន៖ រាជរដ្ឋាភិបាល យល់ព្រមតាម សភាបក្សប្រឆាំង ដែលស្នើឱ្យកែច្នៃអារ៉ែង ឱ្យទៅជាតំបន់ អេកូទេសចរណ៍
(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្មីៗនេះ បានយល់ព្រម តាមសំណើ របស់ គណៈកម្មការទី៣ នៃរដ្ឋសភា ដឹកនាំដោយតំណាងរាស្រ្ត បក្សប្រឆាំង ដែលស្នើឱ្យកែច្នៃ តំបន់អារ៉ែង នៅខេត្តកោះកុង ឱ្យទៅជាតំបន់អេកូទេសចរណ៍ថ្មីមួយ ប្រកបដោយ ទេសភាពស្រស់បំព្រង។
នៅក្នុងលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើទៅកាន់សម្តេចហេង សំរិន ប្រធានរដ្ឋសភា ដើម្បីឆ្លើយតបចំពោះសំណើ របស់លោកស្រី តែ ច័ន្ទមនី អនុប្រធាន គណៈកម្មការទី៣ នៃរដ្ឋសភា កាលពីពាក់កណ្តាលខែមុន ហើយFRESH NEWS ទទួលបាននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានឱ្យដឹងថា «រាជរដ្ឋាភិបាល បានចាត់ទុក
តំបន់អារ៉ែង ជាទ្រព្យសម្បត្តិដ៏វិសេសវិសាល ដែលត្រូវការអភិវឌ្ឍ និងអភិរក្ស ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។ ទោះបីជាមាន ឫគ្មានគម្រោងវារីអគ្គិសនី (ជាយអារ៉ែង) នេះក៏ដោយ ការប្រែក្លាយតំបន់អារ៉ែង ជាតំបន់អេកូទេសចរណ៍ គឺជារបៀបវារៈ ដែលរាជរដ្ឋាភិបាលកំពុងគិតគូ និងប្តេជ្ញាអនុវត្តឱ្យបាន»។
សូមជំរាបថា កាលពីមុន ប្រធានស្តីទី គណៈកម្មការទី៣ នៃរដ្ឋសភា (គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក) លោកស្រី តែ ច័ន្ទមនី បានស្នើឲ្យ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ក្រសួង ឬស្ថាប័នពាក់ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងជួយអភិរក្សព្រៃ សត្វព្រៃ និងពូជត្រីមាស នៅតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង។ លិខិតសុំអន្តរាគមន៍នេះ ក៏សុំឱ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ឈប់គម្រោងវារីអគ្គិសន្នីជាយអារ៉ែង ហើយកែច្នៃតំបន់ អារ៉ែង ឱ្យទៅជាតំបន់ អេកូទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ផងដែរ ។
សម្តេចតេជោ បានបញ្ជាក់ថា គម្រោងវារីអគ្គិសនីជាយអារ៉ែងពេលនេះ កំពុងសិក្សាពីផលប៉ះពាល់ នៅឡើយ ហើយថាតំបន់អារ៉ែងទាំងមូល មានផ្ទៃដីប្រមាណជាង ១០ម៉ឺនហិកតា ហើយផ្ទៃដី ដែលត្រូវការ ដើម្បីធ្វើអាងទឹក ទំនប់ និងស្ថានីយ នៃគម្រោង វារីអគ្គិសនីជាយអារ៉ែង មាន ប្រមាណតែ ៩.៤៧៤ហិកតាប៉ុណ្ណោះ ស្មើនឹង៩%ប៉ុណ្ណោះ នៃផ្ទៃដីសរុប ហើយ ផ្ទៃដី នៅសល់ប្រមាណ ៩១%ទៀត ជាតំបន់ព្រៃដែលត្រូវធ្វើការអភិរក្ស និងថែទាំ ។ ក្នុងផ្ទៃដី ៩%នេះ មានព្រៃស្រោង ប្រមាណ ៨៧៤ហិកតា និងព្រៃពាក់កណ្តាល ស្រោងប្រមាណ ៣៧៩០ហិកតា ក្រៅពីនោះ មានព្រៃអ្នកតា៦៦ហិកតា ព្រៃល្បោះ ៣៧ហិកតា ព្រៃដុះឡើងវិញ៧២៨ហិកតា ព្រៃកប់ខ្មោច ១៣ហិកតា វាលស្មៅ៤៨៧ហិកតា ផ្ទៃទឹក ១៥៦ហិកតា វាលសែ្រ ១១៩៤ហិកតា ដីចម្ការ១២៩៥ហិកតា ដីកសិកម្មបោះបង់ចោល ៧០៥ហិកតា និងដីលំនៅដ្ឋាន ១២៩ហិកតា ផងដែរ។
សម្តេចបានបញ្ចាក់ នៅក្នុងលិខិតដដែលនេះថា បើសិនជាការសិក្សាមើលទៅឃើញថា គម្រោង ផលប៉ះពាល់មានច្រើនជាង ផលចំណេញ ពីវារីអគ្គិសនីនេះ រាជរដ្ឋាភិបាល នឹងបញ្ឈប់ គម្រោង វារីអគ្គិសនីនេះតែម្តង ។ សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា «ការសម្រេចបន្តសាងសង់ និងបញ្ឈប់គម្រោងអភិវឌ្ឈទំនប់វារីអគ្គិសនីតំបន់អារ៉ែង គឺអាស្រ័យលើការថ្លឹងថ្លែង រវាងផលប្រយោជន៍ ដែលទទួលបាន និងផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថាន»៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment