(ភ្នំពេញ)៖ ក្រុមព្រះសង្ឃ និងពុទ្ធបរិស័ទ ចំណុះឱ្យវត្តសាមគ្គីរង្សី ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានសម្តែងនូវការព្រួយបារម្ភ ខ្លាចមានការចាប់ព្រះកាយ ព្រះសង្ឃខ្មែរកម្ពុជាក្រោមថែមទៀត នៅពេលដែលអាជ្ញាធររាជធានីភ្នំពេញ ចុះធ្វើរដ្ឋបាលនៅ វត្តសាមគ្គីរង្សី នៅក្នុងសប្តាហ៍ក្រោយនេះ។
ព្រះតេជគុណ លី ពៅ ប្រធានសហគមន៍ ព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោក ប្រចាំប្រទេសអូស្រ្កាលី និង អតីតសហស្ថាបនិក វត្តសាមគ្គីរង្សីនេះ បានមានសង្ឃដីកា ក្នុងសន្និសីទកាសែតមួយ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ថា ព្រះតេជគុណស្វាគមន៍ ចំពោះការធ្វើរដ្ឋបាល ត្រួតពិនិត្យនៅ វត្តសាមគ្គីរង្សី ដើម្បីឱ្យមាន សណ្តាប់ធ្នាប់ល្អ ប៉ុន្តែព្រះអង្គ មានការខ្លាចក្រែងថា មានការចាប់ព្រះកាយ ព្រះសង្ឃ ដូចការធ្វើរដ្ឋបាលនៅវត្តស្ទឹងមានជ័យដែរ។
ព្រះតេជគុណ បានមានសង្ឃដីកាថា «រចនាសម្ព័ន្ធព្រះសង្ឃ រចនាសម្ព័ន្ធគណៈកម្មការ មានគ្រប់គ្រាន់ហើយ ប៉ុន្តែបើមើលឃើញថា មានភាពខ្វះចន្លោះចង់បន្ថែមបន្ថយអី អត្មាភាពស្វាគមន៍ ក៏ប៉ុន្តែបើសិនជាមកនេះ ក្នុងលក្ខណៈមួយមកចាប់ព្រះសង្ឃឡើងឡានអីហ្នឹង ប្រហែលជាញាតិញមត្រូវធ្លាក់នរក វាមិនសមនោះទេ» ។
អាជ្ញាធរក្រុងភ្នំពេញ គ្រោងនឹងចុះត្រួតពិនិត្យ ធ្វើរដ្ឋបាល ទៅលើវត្តសាមគ្គីរង្សី ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ បន្ទាប់ពីទទួលដំណឹងថា វត្តនេះមានភាពអនាធិបតេយ្យ ហើយបង្កជាអំពើហិង្សា ជាញឹកញាប់។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ FRESH NEWS នៅរសៀលថ្ងៃទី៤ ខែកុម្ភៈនេះថា សកម្មភាពខាងមុខនេះ គ្រាន់តែជាការចុះធ្វើរដ្ឋបាលធម្មតាប៉ុណ្ណោះ ដើម្បីត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់ នៅក្នុងវត្តសាមគ្គីរង្សី មិនមានការពាក់ព័ន្ធនឹងនយោបាយនោះទេ។
លោកបានមានប្រសាសន៍ថា អាជ្ញាធរនឹងធ្វើទៅតាមច្បាប់ បើសិនជាបុគ្គលណាម្នាក់ បានធ្វើទង្វើខុសច្បាប់ ហើយថា វត្តសាមគ្គីរង្សីនេះ មិនទាន់ក្លាយជាវត្តផ្លូវការ នៅឡើយទេ ហើយរាល់ការប្រើប្រាស់ ត្រាសម្គាល់ កន្លងមក គឺមិនត្រូវតាមនីតិវិធី ថែមទៀត៕
No comments:
Post a Comment