Saturday, August 22, 2015

រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងខ្លាំង ទៅលើការបំផ្ទុះគ្រាប់បែក នៅទីក្រុងបាងកក

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការសោកស្តាយ ហើយថ្កោលទោសយ៉ាងខ្លាំង ចំពោះការបំផ្ទុះគ្រាប់បែក បណ្តាលឱ្យមនុស្សជាង១០០នាក់ស្លាប់ និងរបួស នៅទីក្រុងបាងកក ។

តាមរយៈលិខិតរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្ញើទៅកាន់លោកប្រាយុទ្ធ ចាន់អ៊ូចា កាលពីម្សិលមិញ បានសរសេរថា «ជាមួយនឹង​ការ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ឧក្រិដ្ឋ​កម្មនេះ តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ឯកឧត្ដម និង​តាមរយៈ​ឯកឧត្ដម ជូន​ចំពោះ​រដ្ឋាភិបាលនិង​ប្រជាជន​ថៃ ក៏​ដូចជា​ក្រុម​គ្រួសារ​សពចំពោះ​ការបាត់បង់​យ៉ាង​ធំធេង​ ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ដ៏​សោកសៅ​នេះ»។

ការបំផ្ទុះគ្រាប់២លើក ត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅយប់ថ្ងៃទី១៧ និងរសៀល ថ្ងៃទី១៨ ខែសីហានេះ ក្នុងនោះ មួយលើកបានផ្ទុះនៅតំបន់ពាណិជ្ជកម្មប៉ាទូណាម កណ្តាលក្រុងបាងកក វេលាម៉ោង ៧៖៣៥នាទីយប់ថ្ងៃ១៧ សីហា បានសម្លាប់មនុស្ស ២០នាក់ និងបង្កឱ្យមានអ្នករបួស១២៥នាក់ (គិតត្រឹមថ្ងៃត្រង់ទី១៨សីហា) នេះបើតាមការរាយការណ៍របស់ កាសែតបាងកកប៉ុស្តិ៍ ។ ចំណែកមួយលើកទៀត ត្រូវបានគេបំផ្ទុះនៅម៉ោង ១៖២០នាទី រសៀលថ្ងៃ១៨ ខែសីហានេះ នាម្តុំស្ពានសាថន ក្បែរកន្លែងទទួលអ្នកដំណើរ និងចតរថយន្តតាក់ស៊ី ប៉ុន្តែមិនបង្កឱ្យមានអ្នកស្លាប់ ឬរបួសនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ មិនមានពលករ ឬពលរដ្ឋខ្មែរណាម្នាក់ ត្រូវបានរកឃើញថា រងគ្រោះនៅក្នុងករណី​ទាំង២លើកនេះនោះទេ ខណៈដែលជនរងគ្រោះមិនទាន់ត្រូវបាន កំណត់អត្តសញ្ញាណអស់នៅឡើយ៕

No comments:

Post a Comment