From Fresh News Bunsay
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ តំណាងរាស្រ្ត របស់គណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានប្តេជ្ញា ប្រកាន់យក វប្បធម៌សន្ទនា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ហើយសន្យាគោរពតាម កិច្ចព្រមព្រៀងនយោបាយ ថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង ប្រធានក្រុមតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ថ្នាក់ដឹកនាំ តំណាងរាស្រ្តទាំងពីរ បានប្រកាន់យកវប្បធម៌សន្ទនា សហការគ្នា ដើម្បីប្រយោជន៍ ប្រជាពលរដ្ឋ ហើយតម្រង់សកម្មភាព របស់គណបក្សទាំងពីរ មករកកិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ វិញ ។ ។
លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបលើកដំបូង នៃថ្នាក់ដឹកនាំតំណាងរាស្រ្ត គណបក្ស ជាប់ឆ្នោតទាំងពីរ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ថា «យើងឈរ លើគោលការណ៍ សហការគ្នា ដើម្បីរួមគ្នាបម្រើប្រជាពលរដ្ឋ និងលើកកម្ពស់ វប្បធម៌សន្ទនានោះ យើងអាចត្រួតពិនិត្យអំពី សកម្មភាពទាំងឡាយ របស់គណបក្សទាំងពីរ ដែលធ្វើការងារកន្លងទៅ តើបានស្ថិតនៅក្នុងកិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ឬមួយក៏នៅក្រៅ វាចាកឆ្ងាយ អញ្ចឹងមានន័យថា យើងតម្រង់ទិសមករក កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដាវិញ»។
កិច្ចព្រមព្រៀងនយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គឺត្រូវបានធ្វើឡើង ដើម្បីបញ្ចប់បញ្ហានយោបាយ នៅក្នុងប្រទេសកម្ពុជា ហើយគណបក្សប្រឆាំងបាន សម្រេចដើរចូលធ្វើការនៅក្នុងរដ្ឋសភាវិញ បន្ទាប់ពីកំដៅនយោបាយ អស់រយៈពេល១ឆ្នាំ ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ។ កិច្ចព្រមព្រៀងនេះ គណបក្សទាំងពីរ បានឯកភាព ធ្វើការរួមគ្នាក្នុងសភា បែងចែកអំណាចក្នុងសភា ការកែប្រែរដ្ឋធម្មនុញ្ញ រួមទាំងរៀបចំ ការកែសម្រួលការបោះឆ្នោត ជាដើម ។
លោក សម រង្ស៊ី ប្រធានក្រុមតំណាងរាស្រ្តភាគតិច នៅក្នុងសភា ក៏បានយល់ស្របថា គណបក្សសង្រ្គោះជាតិ នឹងប្រកាន់យកវប្បធម៌ សន្ទនានេះដែរ ដើម្បីប្រយោជន៍ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយថាការប្រកាន់យកវប្បធម៌សន្ទនា ជជែកគ្នានេះ នឹងបង្ហាញភាពកក់ក្តៅដល់ប្រជាពលរដ្ឋ សម្រាប់ការបោះឆ្នោតអណត្តិក្រោយទៀត ។
លោក សម រង្ស៊ី បានឱ្យដឹងថា ៖ «យើងអនុវត្តទាំងពាក្យពេជន៍ ទាំងស្មារតី ស្មារតីហ្នឹងគឺ ឆ្លុះបញ្ចាំងពី វប្បធម៌សន្ទនា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ហើយទោះជាគណបក្សទាំងពីរប្រកួតគ្នា ប៉ុន្តែដើម្បីផលប្រយោជន៍ប្រទេសជាតិ ដើម្បីសុខសន្តិភាព ដើម្បីស្ថិរភាព ដើម្បីឱ្យប្រជារាស្រ្តខ្មែរ មានការកក់ក្តៅ ទោះជាគណបក្សណាជាប់ឆ្នោតលើកក្រោយ ក៏ប្រជាពលរដ្ឋខ្មែរ បានសុខ»។
លោកបានបន្ថែមទៀតថា «ខ្ញុំជឿថា នេះជាទម្លាប់មួយថ្មី ដែលយើងកំពុងតែបង្កើត កំពុងតែកសាង ដែលឆ្លុះបញ្ចាំង លើកកម្ពស់ វប្បធម៌សន្ទនា ពីព្រោះវប្បធម៌ជាមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យ ទាល់តែ មានវប្បធម៌ សន្ទនា បានលទ្ធិប្រជាធិបតេយ្យ អាចលូតលាស់ អាចរឹងមាំ អាចរស់រវើកបាន»។
កាលពីដើមខែមករា កន្លងទៅ មុននឹងប្រកាសប្រកាន់យកវប្បធម៌សន្ទនាជាថ្មីនេះ ថ្នាក់ដឹកនាំគណបក្សទាំងពីរ បានធ្វើការវាយប្រហារគ្នាទៅវិញទៅមក ។ គណបក្សសង្រ្គោះជាតិ បានយកវេទិការសាធារណៈ នៅតាមបណ្តាខេត្ត ដើម្បីវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ។ ប៉ុន្តែការវាយប្រហារហាក់បានស្ងប់ស្ងាត់ឡើងវិញ បន្ទាប់ពីមាន ការវាយប្រហារបកដោយសម្តី និងព្រមានធ្ងន់ៗ ដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៕
No comments:
Post a Comment