Saturday, August 22, 2015

រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងខ្លាំង ទៅលើការបំផ្ទុះគ្រាប់បែក នៅទីក្រុងបាងកក

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការសោកស្តាយ ហើយថ្កោលទោសយ៉ាងខ្លាំង ចំពោះការបំផ្ទុះគ្រាប់បែក បណ្តាលឱ្យមនុស្សជាង១០០នាក់ស្លាប់ និងរបួស នៅទីក្រុងបាងកក ។

តាមរយៈលិខិតរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្ញើទៅកាន់លោកប្រាយុទ្ធ ចាន់អ៊ូចា កាលពីម្សិលមិញ បានសរសេរថា «ជាមួយនឹង​ការ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ឧក្រិដ្ឋ​កម្មនេះ តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ឯកឧត្ដម និង​តាមរយៈ​ឯកឧត្ដម ជូន​ចំពោះ​រដ្ឋាភិបាលនិង​ប្រជាជន​ថៃ ក៏​ដូចជា​ក្រុម​គ្រួសារ​សពចំពោះ​ការបាត់បង់​យ៉ាង​ធំធេង​ ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ដ៏​សោកសៅ​នេះ»។

ការបំផ្ទុះគ្រាប់២លើក ត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅយប់ថ្ងៃទី១៧ និងរសៀល ថ្ងៃទី១៨ ខែសីហានេះ ក្នុងនោះ មួយលើកបានផ្ទុះនៅតំបន់ពាណិជ្ជកម្មប៉ាទូណាម កណ្តាលក្រុងបាងកក វេលាម៉ោង ៧៖៣៥នាទីយប់ថ្ងៃ១៧ សីហា បានសម្លាប់មនុស្ស ២០នាក់ និងបង្កឱ្យមានអ្នករបួស១២៥នាក់ (គិតត្រឹមថ្ងៃត្រង់ទី១៨សីហា) នេះបើតាមការរាយការណ៍របស់ កាសែតបាងកកប៉ុស្តិ៍ ។ ចំណែកមួយលើកទៀត ត្រូវបានគេបំផ្ទុះនៅម៉ោង ១៖២០នាទី រសៀលថ្ងៃ១៨ ខែសីហានេះ នាម្តុំស្ពានសាថន ក្បែរកន្លែងទទួលអ្នកដំណើរ និងចតរថយន្តតាក់ស៊ី ប៉ុន្តែមិនបង្កឱ្យមានអ្នកស្លាប់ ឬរបួសនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ មិនមានពលករ ឬពលរដ្ឋខ្មែរណាម្នាក់ ត្រូវបានរកឃើញថា រងគ្រោះនៅក្នុងករណី​ទាំង២លើកនេះនោះទេ ខណៈដែលជនរងគ្រោះមិនទាន់ត្រូវបាន កំណត់អត្តសញ្ញាណអស់នៅឡើយ៕

ប្រាសាទអង្គវត្ត ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីគោលដៅទេសចរ របស់ Lonely Planet

ក្រោយពីជាប់លេខ១ ក្នុងបញ្ជីរបស់ Tripadvisor កាលពីដើមឆ្នាំ, ពេលនេះអង្គរវត្តខ្មែរ បានជាប់លេខ១ ជាថ្មីម្តងទៀត នៅក្នុងបញ្ជី Ultimate Travelist 2015 របស់គេហទំព័រលំដាប់ពិភពលោក Lonely Planet ថែមទៀត។
គេហទំព័រនេះ បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់អង្គរវត្តកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២​​០១៥។

Lonely Planet ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានផ្នែកទេសចរណ៍ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧២ មានមូលដ្ឋាន ទីក្រុង Melbourne ប្រទេសអូស្រ្តាលី, មានបុគ្គលិកបម្រើការងារជាង៤០០នាក់ និងលោក Daniel Houghton ជានាយកប្រតិបត្តិ (CEO)។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News ថាការផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គវត្តខ្មែរ នៅក្នុងបញ្ជី Ultimate Travelist 2015 របស់គេហទំព័រLonely Planet ជាពិតជាស័ក្តិសមណាស់ ហើយថាចំណាត់ថ្នាក់នេះ នឹងនាំម​កនូវភ្ញៀវទេសចរ មកកាន់កម្ពុជា កាន់តែលើសលុបថែមទៀត៕

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធុញទ្រាន់នឹងសហរដ្ឋអាមេរិក ដែលតែងរំលឹកកម្ពុជា អំពីការផ្លាស់ប្តូរ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកមានការធុញទ្រាន់ ចំពោះសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន ដែលតែងមិនទទួលស្គាល់ អំពីការផ្លាស់ប្តូរជាបន្តបន្ទាប់នៅកម្ពុជា ហើយតែងទូន្មានដល់កម្ពុជាអំពីការផ្លាស់ប្តូរនេះ នាពេលកន្លងមក។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីទទួលទានអាហារសាមគ្គី ជាមួយនឹងក្រុមឧកញ៉ា អ្នកវិនិគិន និងមន្រ្តីជាន់ខ្ពស់មួយចំនួន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត កោះពេជ្រ កាលពីរាត្រី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ។

សម្តេចបានលើកឡើងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះលោកបានជួបជាមួយនឹងលោក William E –Todd អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលទើបចប់អាណត្តិ ហើយគាត់បានពន្យល់អំពីការផ្លាស់ប្តូរនានាជូនលោក ដែលធ្វើឱ្យមានការធុញទ្រាន់យ៉ាងខ្លាំង ដោយសារតែ អគ្គរដ្ឋទូតមួយនេះ ហាក់មិនបានទទួលស្គាល់នូវការផ្លាស់ប្តូរនៅកម្ពុជា ។

សម្តេចបានថ្លែងថា «បើខ្ញុំមិនយល់ដឹងអំពីការផ្លាស់ប្តូរ និងមិនអាចគ្រប់គ្រងបាន នៅដំណើរការនៃការផ្លាស់ប្តូរ តើខ្ញុំអាចមានលទ្ធភាពឋិតនៅក្នុងអំណាចរយៈពេលជាង៣០ឆ្នាំ ទេឬ? ព្រោះខ្ញុំធុញទ្រាន់នូវការទូន្មានរបស់ប្រទេសខ្លះមកលើកម្ពុជា ! ផ្លាស់ប្តូរ ! ផ្លាស់ប្តូរ ! ខ្ញុំបានប្រាប់គាត់ថា ដោយសារតែអាមេរិកមិនអាចគ្រប់គ្រងបាននូវការផ្លាស់ប្តូរ នៅលីប៊ី នៅស៊េរី នៅអ៊ីរ៉ាក់ និងនៅអាហ្គានីស្ថាន ទើបបានជាមានពួក ISIS ធ្វើសកម្មភាពនៅទីនោះ»

សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលឹកថា ការផ្លាស់ប្តូរមិនមែនទាន់តែផ្លាស់ប្តូរមេដឹកនាំ ទើបហៅថាផ្លាស់ប្តូរនោះទេ ក្នុងនោះសម្តេចបាននិយាយថា អំពីការផ្លាស់ប្តូរជាបន្តបន្ទាប់នៅកម្ពុជា ដូចជាការផ្លាស់ប្តូរ របស់កម្ពុជាពីសង្គ្រាមមកសន្តិភាព, ពីការគ្រប់គ្រងតាមបែបសេដ្ឋកិច្ចផែនការ ដែលគ្រប់តម្លៃអ្វីៗត្រូវកំណត់ដោយរដ្ឋ មកជាទីផ្សារសេរី , ភាពរីកចម្រើននៃវិស័យសំណង់អគារ, ការធ្វើកំណែទម្រង់រដ្ឋ និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចជាដើម។


សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ក៏បានរំពឹងថា អគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William Heidt ដែលចូលមកកាន់តំណែងនៅកម្ពុជាពេលនេះ នឹងមានការយល់ដឹងច្រើនអំពីការផ្លាស់ប្តូរ របស់កម្ពុជាបានច្រើន ជាងអគ្គរដ្ឋទូតមុន ៕

Friday, May 1, 2015

ព័ត៌មានខ្លីផ្សេងៗ សម្រាប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ ដោយ៖ ប៊ុនសាយ

 កញ្ញា ថ្លុង សុគន្ធារី ជាប់ជាកម្មការិនីសម្រស់ឯក នៅកម្ពុជា ប្រចាំឆ្នាំ២០១៥
(ភ្នំពេញ)៖
ក្រោយបញ្ចប់ការប្រកួត កម្មវិធីជ្រើសរើសក​ម្មការិនីសម្រស់ឯក ដែលរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទិវាពលកម្មអន្តរជាតិ នៅល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥នេះ កញ្ញា ថ្លុង សុគន្ធារី មកពីរោងចក្រ CHC ក្នុងរាជធានីភ្នំពេញ បានជាប់ជា កម្មការិនីសម្រស់ឯក នៅកម្ពុជា ប្រចាំឆ្នាំ២០១៥ ដោយទទួលបានថវិកា ៤លានរៀលពីក្រសួងការងារ ៣០០ដុល្លារពី GMAC និង ៣០ម៉ឺនរៀល ពីគណៈកម្មការ Gender របស់ក្រសួងការងារ។ ការប្រឡងនេះ មានកម្មការិនី ប្រមាណ៥៩នាក់ មកពីបណ្តារោងចក្រនានា បានចូលរួម ក្នុងនោះចម្រាញ់យកម្ចាស់ជ័យលាភីតែ៥នាក់ប៉ុណ្ណោះ ចាប់ពីលេខមួយដល់លេខ៥ ។ តាមការប្រកាសរបស់គណៈកម្មការបានឱ្យដឹងថា អ្នកទទួលបានចំណាត់ថ្នាក់លេខ២ ឈ្មោះ ឈឹម សុនីតា មកពីរោងចក្រ Artnture ទទួលបានប្រាក់ ៣លានរៀលពីក្រសួង, ២០០ដុល្លារពី GMAC និង ២០ម៉ឺនរៀលពី គណៈកម្មការ Gender ខណៈដែលអ្នកលេខ៣មានឈ្មោះ សូរ្រ ស្រីល័ក្រ មកពីរោងចក្រ យីងដុង ទទួលបានប្រាក់ ២លានរៀលពីក្រសួងការងារ ១០០ដុល្លារពី GMAC និង ១០ម៉ឺនរៀល គណៈកម្មការ Gender ។ ក្រៅពីនោះអ្នកលេខ៤ និងលេខ៥ ទទួលបានថវិកាស្មើគ្នា ៤០ម៉ឺនរៀលពីក្រសួង ២០ដុល្លារពី ​GMAC​ និង ១២ម៉ឺនរៀលពី ក្រុមហ៊ុនទឹកបរិសុទ្ធ Gold Star ។ សូមជំរាបថា សម្រាប់អ្នកដែល មិនបានជាប់ក្នុងការប្រកួតនេះ ក៏ទទួលបានរង្វាន់លើកទឹកចិត្ត មួយចំនួនផងដែរ ៕

=================================================
ឃាត់ខ្លួនមនុស្ស៥នាក់ ពាក់ព័ន្ធករណី និស្សិតច្បាប់ម្នាក់ ស្លាប់ដោយអារ.ក ក្នុងបន្ទប់ទឹក យ៉ាងអាថ៍កំបាំង

(ភ្នំពេញ)៖ ​ប៉ូលិសបានឱ្យដឹងថា នៅថ្ងៃទី១ឧសភានេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៥នាក់ យកមកសាកសួរ ពាក់ព័ន្ធនឹងករណីនិស្សិតច្បាប់ម្នាក់ ស្លាប់ដោយមាន ស្នាមអារ.ក យ៉ាងអាថ៌កំបាំង នៅក្នុងបន្ទប់ទឹក ក្នុងទីតាំងក្រឡឹង​គ្រឿងបន្លាស់រថយន្តមួយ ស្ថិតនៅផ្ទះ​លេខ​៩៦ ផ្លូវ​២០២​ ​​ក្រុមទី១៨ ភូមិ៧ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក កាលពីម្សិលមិញ ។ យ៉ាងណាក៏ដោយ ប៉ូលិសមិនបាន ផ្តល់អត្តសញ្ញាណជនទាំង៥នាក់នោះទេ ប៉ុន្តែគេដឹងថា ក្នុងនោះមាន ស្រីម្នាក់ ជាប្រពន្ធមេជាងក្រឡឹង មេជាងប្រឡឹង កូនជាង២នាក់ និងអ្នកយកគ្រឿងមកក្រឡឹងម្នាក់ផងដែរ ។ ការឃាត់ខ្លួនអ្នកទាំង៥នាក់នេះ ត្រូវបានធ្វើឡើង ក្រោយពីតុលាការ ចុះត្រួតពិនិត្យទីតាំងកើតហេតុជាថ្មីម្តងទៀត ដើម្បីស្រាវជ្រាវរកវត្ថុតាង។  គួរំលឹកផងដែរថា កាលពីព្រឹកថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥ ម៉ោង​១០​និង​៣០​នា ទីនៅកន្លែងក្រឡឹង​គ្រឿងបន្លាស់រថយន្តខាងលើ ​មានករណីនិស្សិតច្បាប់ឆ្នាំទី៣ម្នាក់ បានស្លាប់ដោយការអា.ក នៅក្នុងបន្ទប់ទឹក ។ ជនរងគ្រោះ មានឈ្មោះ ណុប ប៊ុនធឿន អាយុ​២២​ឆ្នាំ មានស្រុកកំណើត ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់តំបង៕

=============================
លោក កឹម សុខា ថាអ្នកដឹកនាំ​ ត្រូវប្រកាន់ខ្ជាប់ នូវព្រហ្មវិហារធម៌ទាំងបួន ដើម្បីឱ្យប្រទេសមានក្តីសុខ
(ភ្នំពេញ)៖ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា អ្នកដឹកនាំល្អ ត្រូវតែប្រកាន់ខ្ជាប់នូវ ព្រហ្មវិហារធម៌ទាំង៤ ​ដើម្បីឱ្យប្រទេស ទទួលបានសុខសន្តិភាព​ និងរីកចម្រើន។ ការលើកឡើង របស់លោក កឹម សុខា បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលព្រះវិហារ និង បុណ្យបញ្ចុះខណ្ឌសីមា វត្តគិរីអណ្ដែត នៅភូមិរោលជ្រូក ឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០១៥នេះ។ លោក កឹម សុខា បានលើកឡើងថា «ដើម្បីឲ្យសង្គម ឬ ប្រទេសមួយ មានសេចក្ដីសុខ សេចក្ដីចម្រើន ស្ថិតស្ថេរ លុះត្រាតែសង្គមនោះមានយុត្ដិធម៌។ សង្គមមានយុត្ដិធម៌ អាស្រ័យលើអ្នកដឹកនាំ មានព្រហ្មវិហារធម៌(មេត្ដា ករុណា មុទិតា ឧបេក្ខា) ជាពិសេស ត្រូវ ប្រកាន់យកឧបេក្ខា(តាំងចិត្តជាកណ្ដាល)។ ប៉ុន្ដែអ្នកដឹកនាំ ត្រូវវៀរចាកនូវអគតិធម៌ (ឆន្ទាគតិ ទោសាគតិ មោហោគតិ ភយាគតិ) ដើម្បីជៀសវាងនូវភយាគតិ(ភាពភ័យខ្លាច) ដោយមិនត្រូវមាន ការគុំគួន សងសឹក គំរាមកំហែង និងធ្វើទុក្ខបុកម្នេញគ្នាឡើយ»៕

===========================================================
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់កាបូបជនបរទេស ដ៏សកម្ម ២នាក់​  ទៅកាន់តុលាការ
(ភ្នំពេញ)៖
លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥នេះ កម្លាំងអាវុធហត្ថ របស់លោក បានបញ្ជូនក្រុមចោរឆក់កាបូប និងទូរស័ព្ទ របស់ជនបរទេស ដ៏សកម្ម២នាក់​  ទៅកាន់សាលាដំបូង រាជធានីភ្នំពេញហើយ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ចោរឆក់កាបូប២នាក់នេះមានឈ្មោះ កែវ វ៉ុន អាយុ៣៣ឆ្នាំ និងឈ្មោះ ចិន សុវិជ្ជា អាយុ៣២ឆ្នាំ ជាមុខសញ្ញាឆក់លើជនបរទេស ដែលត្រូវបានអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមេសា ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ នៅចំណុចស្ពាននាគ សង្កាត់វត្តភ្នំ ហើយជិះម៉ូតូរត់រហូតដល់ ចំណុចផ្លូវលេខ១៧៨ កែងសុធារស ទើបអាវុធហត្ថចាប់បាន ។ លោកឧត្តមសេនីយ៍ បានឱ្យដឹងថា ក្រោយពេលស្រាវជ្រាវ សមត្ថកិច្ចជំនាញ បានរកឃើញថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាចោរឆ ក់និងលួចយ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ហើយក៏ជាមុខសញ្ញាលួចឆក់ចាស់ ដែលធ្លាប់ជាប់ពន្ធនាគារទាំងពីរនាក់ផងដែរ៕
======================================================
លោក រ៉ុង ឈុន ថាការបង្ហាញខ្លួនរបស់លោក ជាមួយកម្មករ និងតំណាងរាស្រ្ត ក្នុងទិវាពលកម្មអន្តរជាតិ មិនប៉ះពាន់ដល់តម្លៃឯករាជ្យ របស់ គ.ជ.ប
(ភ្នំពេញ)
៖ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន បានឱ្យដឹងថា ការបង្ហាញខ្លួន របស់លោក ជាមួយកម្មករ និងតំណាងរាស្រ្ត ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភានេះ មិនប៉ះពាល់ដល់ តម្លៃឯករាជ្យភាពរបស់គ.ជ.បនោះទេ ។ ការលើកឡើងរបស់លោក រ៉ុង ឈុន បានឆ្លើយតបចំពោះ ការចោទប្រកាន់ របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ដែលថា លោករ៉ុង ឈុន បានចូលរួមហែរក្បួនជាមួយកម្មករ និងតំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ នៅព្រឹកមិញ ធ្វើឱ្យគ.ជ.ប បាត់អព្យាក្រឹត្យភាព ។ លោករ៉ុង ឈុន បាននិយាយថា ការបង្ហាញខ្លួននេះ មិនមែនក្នុងនាមគ.ជ.បនោះទេ ហើយថាជាសិទ្ធិឯកជនរបស់លោក ក្នុងថ្ងៃឈប់ សម្រាកពីការងារ ដើម្បីឃ្លាំមើល ស្ថានភាព ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ៕



=======================================
ទិវាពលកម្មអន្តរជាតិ ឆ្នាំនេះ ក្រុមសហជីព ដាក់ញត្តិទាមទារ លក្ខខណ្ឌនានា ដោយគ្មានភាពចម្រូងចម្រាស់
(ភ្នំពេញ)៖
ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំនេះ ក្រុមកម្មករ សហជីពរាប់ពាន់នាក់ បានលើកគ្នាតវ៉ា ដាក់ញត្តិទាមទារលក្ខខណ្ឌការងារជាច្រើន ពីរាជរដ្ឋាភិបាលកម្ពុជា តាមគោលដៅ ផ្សេងៗគ្នា ប៉ុន្តែពុំមានភាពចម្រូងចម្រាស់ នោះទេ ។

ក្រុមសហជីពធំៗ បានបែងចែកជា៤ក្រុមផ្សេងៗគ្នា ដោយមួយក្រុម ដឹកនាំដោយ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ ហើយហែរញ្ញតិមករដ្ឋសភា , មួយក្រុមទៀតដឹកនាំ លោក វន ពៅ សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោកស្រីយ៉ាង សោភ័ណ្ឌ ប្រធានសហជីពជាតិកម្ពុជា ជួបជុំនៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយហែរទៅកាន់ក្រសួងការងារ , មួយក្រុមទៀត ដឹកនាំដោយ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ជួបជុំដាក់ញត្តិនៅរដ្ឋសភា និងមួយក្រុមទៀត ដឹកនាំដោយលោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ចូលរួមប្រារព្ធមិទ្ទិញជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

-តំណាងរាស្រ្ត រៀល ខេមរិន្ទ និង អ្នកស្រី យ៉ោម បុប្ផា លេចមុខនៅទីលានប្រជាធិបតេយ្យ តែអត់ចូលរួម

នៅទីលានប្រជាធិបតេយ្យ គេសង្កេតឃើញមានវត្តមានរបស់តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ និងអ្នកស្រី យ៉ោម បុប្ផា ក៏បានជិះរថយន្ត មកកាន់​ទីលានប្រជាធិបតេយ្យផងដែរ ប៉ុន្តែអ្នកទាំងពីរ មិនបានចូលរួម​សកម្មភាពជាមួយកម្មករនោះទេ។ វត្តមានរបស់លោកតែមួយ រយៈពេលខ្លីប៉ុណ្ណោះ ហើយក៏ឡើងរថយន្តជិះចេញទៅបាត់ទៅ។

-ក្រុមសហជីពដឹកនាំដោយ ប៉ាវ ស៊ីណា ដង្ហែញ្ញត្តិដាក់ស្ថានទូតអាម៉េរិក សហគមន៍អឺរ៉ុប និងរដ្ឋសភា

ក្រុមសហជីពចំនួន៦ ដែលដឹកនាំដោយលោក ប៉ាវ ស៊ីណា បានជិះរថយន្តចំនួន៥គ្រឿង តាមការអនុញ្ញាតិរបស់សាលារាជធានីភ្នំពេញ យកញ្ញត្តិរបស់ខ្លួនទៅដាក់នៅស្ថានទូតសហរដ្ឋអាម៉េរិក និវេសនដ្ឋានសហគមន៍អឺរ៉ុបប្រចាំកម្ពុជា និងវិមានរដ្ឋសភា។ ដោយឡែកមានការបង្អង់យឺតបន្តិច សម្រាប់ក្រុមលោក ប៉ាវ ស៊ីណា ដោយសារតំណាងស្ថានទូតអឺរ៉ុប មានការយឺតយ៉ាវក្នុងការចេញមកទទួលញ្ញត្តិ។

-តំណាងរាស្រ្ត គង់ សភា ចេញមកទទួលញ្ញតិ្តពីតំណាងកម្មកររបស់លោក ប៉ាវ ស៊ីណា

នៅពេលក្បួនដង្ហែរទៅដល់ តំណាងរាស្រ្ត​មណ្ឌលមកពីគណបក្សសង្រ្គោះជាតិ លោក គង់ សភា បានចេញមកទទួលញ្ញត្តិពីតំណាងកម្មករ ដែលដឹកនាំដោយ លោក ប៉ាវ ស៊ីណា។

រីឯក្រុមរបស់លោក អាត់ ធន់ និង លោក វន់ ពៅ ត្រូវបានតំណាងរាស្រ្ត​ កែ សុវណ្ណរតន៍ និង​លោកស្រី មូរ សុខហួរ ចេញមកទទួល។

លោកស្រី កែ សុវណ្ណរតន៍ បានថ្លែងទៅកាន់បណ្ដាក្រុមសហជីពកម្មករ និងអ្នកសារព័ត៌មានថា “ខ្ញុំនឹងយកញ្ញត្តិ ដែលតំណាងសហជីពកម្មករយកទៅដាក់នោះ និងសំណូមពរដែលសហជីព និងកម្មករចង់បាននេះ ទៅជជែកពិភាក្សានៅក្នុងគណៈកម្មាធិការឲ្យបានស៊ីជម្រៅ ហើយនិងទៅជំរុញឲ្យរាជរដ្ឋាភិបាល ដោះស្រាយបញ្ហានេះ ជូនអ្នកទាំងអស់គ្នាប្រកបដោយធម៌អហិង្សា”។

 បន្ទាប់ពីបានដាក់ញ្ញត្តិជូនទៅដល់រដ្ឋសភារួចមក លោក អាត់ ធន់ ដែលជាប្រធានសហភាព ការងារកម្ពុជា បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ការដាក់ញ្ញត្តិ ទៅកាន់រដ្ឋសភានេះ មានសង្ឃឹមថា នឹងអាចទទួលបានលទ្ធផលល្អប្រសើរចាប់ពី ៨០ទៅ៩០ភាគរយ ដោយលោក​បានអះអាងថា “ដោយសារប្រធានបទទាំងនេះ គឺជាប្រធានបទដែលមានជារៀងរាល់ឆ្នាំ ហើយ​​សភា និងរាជរដ្ឋាភិបាល ក៏មានការយកចិត្តទុក្ខដាក់រួចហើយ ព្រោះអ្នកតំណាងរាស្រ្តរបស់រាជរដ្ឋាភិបាលបានជួយ និងយកចិត្តទុកដាក់ច្រើនជាងមុន ដោយសារតែពួកគេបារម្ភខ្លាចបាត់បង់ការគាំទ្រ នៅពេលដែលមានការបោះឆ្នោតអាណត្តិខាងមុខៗទៀត”។

ចំណែកក្រសួងការងារវិញរួមសហការជាមួយក្រុម សហជីពធំៗមួយចំនួន បានប្រារព្ធពិធីអបអរខួប អនុស្សាវរីយ៍លើកទី១២៩ ទិវាពលកម្មអន្តរជាតិ១ ឧសភានៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដោយមានការចូលរួមពីតំណាងកម្មករ និយោជិក ចូលរួមរាប់ពាន់នាក់៕


=================================
លោក សម រង្ស៊ី ចុះសំណេះសំណាល ជាមួយកម្មករវាយថ្ម នៅការដ្ឋានវាយថ្ម ឃុំព្រៃគ្រី ​
(ភ្នំពេញ)៖
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥នេះ បានចុះសំណេះសំណាល ជាមួយកម្មករ នៅការដ្ឋានវាយថ្ម ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ តាមរយៈវីដេអូមួយ ដែលបង្ហោះ នៅលើទំព័រ Facebook របស់លោក សម រង្ស៊ី នៅថ្ងៃទី១ ខែឧសភានេះ បានឱ្យដឹងថា ក្រៅពីសំណេះសំណាល លោកសម រង្ស៊ី ក៏បានសាកល្បង វាយថ្ម នៅតំបន់នោះផងដែរ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ តំបន់នោះផងដែរ៕

==============================================
កម្មការិនី ៥៩នាក់ ចូលរួមប្រឡង ជ្រើសរើសកម្មការិនី សម្រស់ឯង ប្រចាំឆ្នាំ២០១៥
(ភ្នំពេញ)៖ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មានកម្មការិនី ប្រមាណ៥៩នាក់ មកពីបណ្តារោងចក្រនានា បានចូលរួមប្រឡងជ្រើសរើស កម្មការិនី សម្រស់ឯង ប្រចាំឆ្នាំ២០១៥ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥នេះ។ កម្មវិធីនេះ ត្រូវបានរៀប​ចំឡើង ដើម្បីលើកទឹកចិត្ត ដល់កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជា ក្នុងទិវាពលកម្មអន្តរជាតិ លើកទី១២៩ ក្នុងនោះ នឹងត្រូវ ជ្រើសរើសម្ចាស់ជ័យលាភី៥រូប ពីលេខ១ដល់លេខ៥ ផ្តល់រង្វាន់ផ្សេងៗគ្នា ។  ចំណែកកម្មការិនីក្រៅពីនោះ ក៏ទទួលបានរង្វាន់លើកទឹកចិត្ត ផងដែរ។ ការប្រគល់រង្វាន់ នឹងធ្វើឡើង នៅម៉ោង៥៖០០នាទី ល្ងាច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥នេះ៕


=======================================
ក្រុមកម្មករ សហជីព ដែលដឹកនាំដោយ លោក ប៉ាវ ស៊ីណា ជួបជុំក្នុងទិវាពលកម្មអន្តរជាតិ បានរំសាយហើយ
(ភ្នំពេញ)៖
រហូតដល់ម៉ោងជាង១២៖០០ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥នេះ ក្រុមសហជីព កម្មករ ដឹកនាំដោយ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ដើម្បីជួបជុំក្នុង ទិវាពលកម្មអន្តរជាតិ ១ឧសភា បានរំសាយហើយ។ ក្រុមសហជីពនេះ បានជួបជុំគ្នាសម្តែងមតិ នៅលើទីលានប្រជាធិបតេយ្យ ហើយហែញត្តិ មកកាន់រដ្ឋសភា ។ សូមជំរាបថា នៅថ្ងៃទី១ ឧសភានេះ ក្រុមសហជីពធំៗ ​បានរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា នៅតាមគោលដៅផ្សេងៗគ្នា ដើម្បីទាមទារ លក្ខខណ្ឌការងារមួយចំនួន ពីស្ថាប័នរាជរដ្ឋាភិបាល ក្រសួងការងារ និងរដ្ឋសភា ៕


==============================
រដ្ឋមន្រ្តីការងារ ដាក់ចេញ យន្តការវប្បធម៌ជាមួយសហជីព រៀងរាល់៣ខែម្តង ដើម្បីរួមគ្នាដោះស្រាយបញ្ហាកម្មករ
(ភ្នំពេញ)៖
លោក ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ២០១៥នេះ រដ្ឋមន្រ្តីក្រសួងការងារ នឹងរៀបចំកិច្ចប្រជុំ ជាមួយគ្រប់មេដឹកនាំសហជីព និងនិយោជក រៀងរាល់៣ខែម្តង ដើម្បីបង្កើតវប្បធម៌សន្ទនា រួមគ្នាដោះស្រាយបញ្ហារបស់កម្មករ ។ លោកនិយាយថា ការកិច្ចប្រជុំ ទៀងទាត់នេះ នឹងជួសម្រួលដល់ភាគីពាក់ពន្ធ នៃទំនាក់ទំនងវិជ្ជាជីវៈ ប្រើប្រាស់ការសន្ទនា ជាមធ្យោបាយ សម្រាប់ដោះស្រាយកង្វល់ របស់ភាគីពាក់ព័ន្ធ ដោយត្រង់ៗតែម្តង។ ជុំវិញយន្តការថ្មីនេះ លោក ប៉ា​វ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឱ្យដឹងថា លោកស្វាគមន៍ចំពោះ យន្តការរួមគ្នា ដោះស្រាយបញ្ហា របស់កម្មករនាពេលនេះ ប៉ុន្តែលោកស្នើឱ្យយន្តការនេះ  ត្រូវធ្វើយ៉ាងណា ដំណើរការទៅឱ្យមានប្រសិទ្ធភាព៕


====================================================
ជនបរទេស ១៦នាក់ ត្រូវបានចាប់ខ្លួន នៅខេត្តព្រះសីហនុ ដើមឆ្នាំ២០១៥នេះ
(ព្រះសីហនុ)៖
យ៉ាងហោចណាស់មានជនបរទេស ១៦នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ នៅក្នុងខេត្តព្រះសីហនុ នៅរយៈពេល៤ខែ ដើមឆ្នាំ២០១៥ , នេះបើតាមលោក ជួន ណារិន ស្នងការខេត្តព្រះសីហនុ ដែលទើបឡើងកាន់តំណែង។ លោក ជួន ណារិន បានឱ្យដឹងថា ក្នុងចំណោមជនបរទេស ដែលត្រូវចាប់ខ្លួន ទាំងនោះ មានជនជាតិរុស្ស៊ីមានចំនួនច្រើនជាងគេ រហូតដល់ទៅ៧នាក់ ក្រៅពីនោះមាន ជនជាតិអូស្រាលី, ជនជាតិស្លូវ៉ានៀ , ជនជាតិលីតូនៀ , ជនជាតិអង់គ្លេស, ជនជាតិកូរ៉េ  និងជនជាតិបរទេសមួយចំនួន ។ លោកស្នងការ បាននិយាយថា ជនបរទេសទាំងនេះ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធទៅនឹងបទល្មើស រួមបង្កការអុកឡុកក្នុងមូលដ្ឋាន, បាត់ការចងចាំ , សតិមិនប្រក្រតី, រស់នៅលើសទិដ្ឋាការ, រំលោភលើសេចក្ដីទុកចិត្ដ , ស្នាក់នៅ មិនស្របច្បាប់ និង គ្មានប័ណ្ណការងារជាដើម៕

======================================================
តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ចេញមកទទួលញត្តិ ពីសហជីព នៅខាងមុខរដ្ឋសភា
(ភ្នំពេញ)៖
ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ដែលដឹកនាំ ដោយលោកស្រី កែ សុវណ្ណរតន៍ និង លោកស្រី មួរ សុខហួរ នៅម៉ោងជាង១០៖០០ ព្រឹកថ្ងៃទី១ ខែឧសភានេះ បានចេញមកទទួលញត្តិ ពីក្រុមសហជីពលោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរកម្ពុជា នៅខាងមុខរដ្ឋសភា។ ញត្តិនេះ មានការទាមទារលក្ខខណ្ឌ ​ចំនួន១៨ចំណុច រួមមានស្នើឱ្យដំឡើងប្រាក់ឈ្នួល១៧៧ដុល្លារ បញ្ឈប់ការរិតត្បិតសេរីភាព របស់សហជីព ឱ្យរដ្ឋាភិបាលត្រូវចាប់ខ្លួន លោក ឈូក បណ្ឌិត និងស្នើឱ្យដកពាក្យបណ្តឹងមកលើសហជីពជាដើម ។ ក្រោយពីប្រគល់ញត្តិនេះដល់រដ្ឋសភា ក្រុមកម្មករ សហជីព ដែលដឹកនាំដោយលោក អាត់ ធន់ បានប្រកាស រំលាយហើយ ៕

===========================================
លោក កឹម សុខា ចុះសម្ពោធសមិទ្ធផលព្រះវិហា និងបញ្ចុះសីមា នៅវត្តគិរីអណ្តើក
(កំពង់ចាម)៖
 លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥នេះ បានចូលរួម ជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលព្រះវិហារ និង បុណ្យបញ្ចុះខណ្ឌសីមា នៃវត្តគិរីអណ្ដើត នៅភូមិរោលជ្រូក ឃុំបារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ មន្រ្តីគណបក្សសង្រ្គោះជាតិ និយាយថា ពិធីសម្ពោធ សមិទ្ធិផលព្រះវិហារ និង បុណ្យបញ្ចុះខណ្ឌសីមានេះ ក៏មានការចូលរួមពីតំណាងរាស្រ្ត និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមួយចំនួនផងដែរ ហើយថា បន្ទាប់ពីនោះ លោក កឹម សុខា ជាអនុប្រធានទី១ នៃរដ្ឋសភា​ ក៏នឹងចូលរួមវេទិកា រាស្ដ្រនិងតំណាងរាស្ត្រ រប​ស់គណបក្សសង្រ្គោះជាតិនៅភូមិនេះ ដើម្បីស្តាប់យោបល់ ពីប្រជាពលរដ្ឋ ផងដែរ៕

===================================================
លោក អ៊ិត សំហេង៖ កម្ពុជា ទទួលបានចំណូល ជាង១ពាន់លានដុល្លារ ក្នុង១ឆ្នាំ ពីពលករខ្មែរ ដែលទៅធ្វើការនៅក្រៅប្រទេស
(ភ្នំពេញ)៖
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្នុងមួយឆ្នាំៗ ពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស បានបញ្ជូន លុយមកឱ្យ ក្រុមគ្រួសារ នៅស្រុកកំណើត ប្រមាណជាង១ពាន់លានដុល្លារ សហរដ្ឋអាមេរិក​។ ការលើកឡើងរបស់លោក អ៊ិត សំហេង បានធ្វើឡើង នៅក្នុងឱកាស ប្រារព្ធខួបលើកទី១២៩ នៃទិវាពលកម្មអន្តរជាតិ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១ ឧសភានេះ។ លោករដ្ឋមន្រ្តី​ បានថ្លែងថា «ក្រៅពីការងារក្នុងស្រុក ក្នុងឆ្នាំ២០១៤ មានពលករប្រមាណ៧២ម៉ឺននាក់ ទទួលបានការងារធ្វើ នៅក្រៅប្រទេស ដែលបាននាំប្រាក់ចំណូលមកក្នុងប្រទេស ជាង១ពាន់លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ» ។ តាមរបាយការណ៍ របស់ក្រសួងការងារ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា បានបញ្ជូនពលករ ទៅធ្វើការ នៅប្រទេសចំនួន៥ រួមមាន ថៃ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និងកូរ៉េ  ។ ពលករទាំងនោះ ទៅធ្វើការក្នុងផ្នែកកសិកម្ម សំណង់ ឧស្សាហកម្ម និង នេសាទជាដើម៕
================================================
ក្រសួង​ការ​ងារ​ និង សហជីព ប្រារព្ធ​ពិធី​អប​អរ​ខួប​អនុ​ស្សាវរីយ៍ ​លើក​ទី​១២៩ ទិវាពល​កម្ម​អន្តរ​ជាតិ​១​ឧសភា
ភ្នំពេញ៖
ក្រសួង​​ការ​ងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមសហការជាមួយក្រុមសហជីពធំៗមួយចំនួន បាន​ប្រារព្ធ​ពិធី​អប​អរ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី​១២៩ ទិវា​ពល​កម្ម​អន្តរ​ជាតិ​១ ឧសភា ​ដែលពិធីនេះ បានធ្វើឡើងទីស្តីការក្រសួង ក្រោមអធិបតីភាព ​លោក​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ ដោយ​មានការ​ចូល​រួម​ពី​តំណាង​កម្មករ និយោ​ជិក​ ចូលរួមរាប់ពាន់នាក់​។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ព្រឹត្តិការណ៍ទិវាពលកម្មអន្តរជាតិ១ឧសភា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ តាំងពីក្រោយថ្ងៃ៧មករា ឆ្នាំ២១៩៧៩។ ឆ្នាំ២០១៤ កន្លងទៅ​ទោះជាសភាពការណ៍នយោបាយ មិនអំណោយផល ប៉ុន្តែរាជរដ្ឋាភិបាលបានរៀបចំពិធីមីទ្ទិញថ្នាក់ជាតិ ថ្ងៃទី១ ឧសភានេះដែរ ។ ឆ្នាំនេះ រាជរដ្ឋាភិបាល ក៏បានចេញសារាចរណែនាំ និងសារលិខិត ដើម្បីបំផុស លើកទឹកចិត្ត គ្រប់ក្រសួងស្ថាប័នបាក់ព័ន្ធ រោងចក្រសហគ្រាសនានា ត្រៀមរៀបចំកម្មវិធី សំណេះសំណាលជាមួយកម្មករនិយោជិត កម្មវិធីកម្សាន្តសប្បាយពិធីជប់លៀងរាំកម្សាន្ត រៀបចំដំណើរទេសចរណ៍ រៀបចំឱ្យកម្មករកម្មការិនីឈប់សម្រាកលំហែ ។ល។ ដែលនាំមកនូវបរិយាកាសសាមគ្គីភាព ភាតរភាព ក្នុងសង្គម។

លោករដ្ឋមន្រ្តីបានបន្ថែមថា ការប្រារព្ធមីទ្ទិញថ្នាក់ជាតិ ថ្ងៃទី១ឧសភា ឆ្នាំ២០១៥ នាពេលនេះ ស្របពេលដែលសភាពការណ៍ របស់ប្រទេសជាតិ កំពុងមានការវិវឌ្ឍល្អប្រសើរ ។ ​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជំនះពុំពារគ្រប់ការលំបាក គ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាបាតុកម្ម កុបកម្ម រក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រក្រតីភាពនៃជីវភាព និងបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយជោគជ័យ៕



=================================

ក្រុមសហជីព យកទិវាពលកម្មអន្តរជាតិ ១ឧសភា ដើម្បីទាមទារ លក្ខខណ្ឌការងារ ផ្សេងៗ
(ភ្នំពេញ)៖
នៅក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំនេះ ក្រុមសហជីព បានដង្ហែក្បួន ដោយទាមទារលក្ខខណ្ឌនានា ពីស្ថាប័នជំនាញ ដោយក្នុងនោះមានការដាក់ញត្តិ ជូនរដ្ឋសភា​ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម ។ តាមសេចក្តីរាយការណ៍ ពីក្រុមអ្នកទាមទារបានឱ្យដឹងថា ក្រុមសហជីព លោកស្រី យ៉ាង សោភ័ណ្ឌ និង លោក វន ពៅ នៅម៉ោង៩៖០០ព្រឹកនេះ បានដង្ហែក្បួនទៅដល់ក្រសួងការងារហើយ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន ខណៈដែលក្រុមសហជីព លោក អាត់ ធន់ បានប្រមូលផ្តុំនៅខាងមុខរដ្ឋសភា ។ ទន្ទឹមនឹងនេះ លោក ប៉ាវ ស៊ីណា សម្ព័ន្ធសហជីពចលនាកម្មករ ក៏បានជួបជុំគ្នា នៅលើទីលានប្រជាធិបតេយ្យ ។ ញត្តិជាច្រើន ត្រូវបានរៀបចំរួចជាស្រេច សម្រាប់ដាក់ជូនស្ថាប័នទាំងនោះ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល , ឱ្យរដ្ឋាភិបាល ទំលាក់បទចោទប្រកាន់មកលើសហជីព និងលក្ខខណ្ឌផ្សេងៗជាច្រើនទៀត៕

អំពីរដ្ឋសភា


រដ្ឋសភា មានសមាជិកតំណាងរាស្ត្រយ៉ាងតិច ១២០ រូប។ តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយ ការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោត ជាសម្ងាត់។
តំណាងរាស្ត្រ អាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន។ អ្នកដែលមានសិទ្ធិឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ គឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ ឆ្នាំ មានសញ្ជាតិជាខ្មែរតាំងពីកំណើត។
អង្គការរៀបចំការបោះឆ្នោត បែបបទ និង ការប្រព្រឹត្តទៅនៃការបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់បោះឆ្នោត។

តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។
អាណត្តិអាជ្ញាបញ្ជាទាំងឡាយ ត្រូវទុកជាមោឃៈ។
នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ។
ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និង បន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។
ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៦០ ថ្ងៃ យ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយរដ្ឋសភាមក។

ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ។
ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។
ការប្រកាសបន្តនីតិកាលរបស់រដ្ឋសភា ត្រូវសម្រេចដោយមតិយល់ព្រម ពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
អាណត្តិនៃសមាជិករដ្ឋសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈ ជាសកម្ម និង ជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វៀរលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។
ក្នុងករណីនេះ សមាជិករដ្ឋសភារូបនោះមានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការ អចិន្ត្រៃយ៍ និងក្នុងគណៈកម្មការផ្សេងៗនៃរដ្ឋសភា។
តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។
តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច។
សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រដ្ឋសភាមានថវិកាស្វយ័ត សម្រាប់ដំណើរការ។
តំណាងរាស្ត្រ ត្រូវទទួលប្រាក់បំណាច់។
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្ដើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណាត្តិរបស់សមាជិកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
តំណាងរាស្ត្រទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងដូចមានខ្លឹមសារចែងក្នុង ឧបសម្ព័ន្ធទី ៥ នៃរដ្ឋធម្មនុញ្ញ។
រដ្ឋសភា ប្រជុំជាសាមញ្ញ ពីរដង ក្នុងមួយឆ្នាំ។
សម័យប្រជុំនីមួយៗ មានថិរៈវេលាយ៉ាងតិចបីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្ដីស្នើសុំពីនាយករដ្ឋមន្ត្រី ឬពីសមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។
ក្នុងករណីនេះ របៀបវារៈជាក់លាក់នៃសម័យប្រជុំជាវិសាមញ្ញត្រូវផ្សាយដល់ប្រជារាស្ត្រជាមួយនឹងថ្ងៃកំណត់ប្រជុំ។
នៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាទទួលភារកិច្ចចាត់ចែងការងារ។
គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភារួមមាន : ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំងអស់របស់រដ្ឋសភា។
សម័យប្រជុំរដ្ឋសភា ត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសាលប្រជុំរបស់ រដ្ឋសភា លើកលែងតែមានការសម្រេចផ្សេងចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈ តម្រូវ។
ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងពីកាលបរិច្ឆេទ ដែលកំណត់ក្នុងសេចក្ដីអញ្ជើញ ការប្រជុំណាក៏ដោយរបស់រដ្ឋសភាត្រូវទុកជាខុសច្បាប់ ហើយជាអសារសូន្យពេញលក្ខណៈ។
ក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ រដ្ឋសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។
បើរដ្ឋសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។
នៅពេលដែលប្រទេសជាតិឋិតក្នុងភាពអាសន្ន រដ្ឋសភាមិនអាចត្រូវរំលាយបានឡើយ។
ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភា ទទួលអាញ្ញត្តិច្បាប់ និងសេចក្ដីសម្រេចចិត្តទាំងឡាយ ដែលរដ្ឋសភាបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និង ចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភា។
ក្នុងករណី ដែលប្រធានរដ្ឋសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជម្ងឺ ឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី ឬជាព្រះរាជានុសិទ្ធិ ឬបំពេញបេសកកម្មនៅបរទេស អនុប្រធានរដ្ឋសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស។
ក្នុងករណីដែលប្រធាន ឬអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី។
ការប្រជុំរដ្ឋសភា ត្រូវធ្វើជាសាធារណៈ។
រដ្ឋសភាអាចប្រជុំជាសម្ងាត់បាន តាមការស្នើសុំពីប្រធានឬពីសមាជិកចំនួនមួយភាគដប់យ៉ាងតិចពី ព្រះមហាក្សត្រ ឬពីនាយករដ្ឋមន្ត្រី។
ការប្រជុំរដ្ឋសភា នឹងយកជាការបាន លុះត្រាតែមាន:
ក- កូរ៉ុមលើសពី ពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័ត ទាំងឡាយណាដែលតម្រូវឱ្យយកមតិភាគច្រើន ពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ខ- កូរ៉ុមលើសពីពាក់កណ្ដាល នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឱ្យយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភា ទាំងមូល។
តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញឥស្សរជនដ៏ឧត្ដមណាមួយមកបំភ្លឺរដ្ឋសភា អំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។
រដ្ឋសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។
រដ្ឋសភាអនុម័តថវិកាជាតិ ផែនការរដ្ឋ ការឱ្យរដ្ឋខ្ចីប្រាក់ពីគេ ការឱ្យរដ្ឋឱ្យប្រាក់គេខ្ចី ការសន្យានានា ផ្នែកហិរញ្ញវត្ថុ និង ការបង្កើត កែប្រែ ឬលុបចោលពន្ធដារ។
រដ្ឋសភាឱ្យសេចក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការលើកលែងទោសជាទូទៅ។
រដ្ឋសភាអនុម័តយល់ព្រម ឬលុបចោលសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ។ រដ្ឋសភាអនុម័តច្បាប់ស្ដីពីការប្រកាសសង្គ្រាម។
ការអនុម័តខាងលើនេះ ប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល តាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និង នាយករដ្ឋមន្ត្រី មានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់។
តំណាងរាស្ត្រ មានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំណើនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈ ឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។
ការអនុម័តទាំងឡាយរបស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ នឹងត្រូវចាត់ទុកជាអាសារសូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនេះ។
ច្បាប់ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេលដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំងប្រទេសក្នុងរយៈពេលម្ភៃថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ។ ប៉ុន្តែបើច្បាប់នេះ បានចែងថាជាការប្រញាប់ ច្បាប់នេះត្រូវចូលជាធរមានភ្លាមនៅទូទាំងប្រទេស ក្រោយថ្ងៃប្រកាសឱ្យប្រើ។
ច្បាប់ ដែលព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ច និង ផ្សព្វផ្សាយនៅទូទាំងប្រទេសឱ្យទាន់តាមពេលកំណត់ខាងលើ។
រដ្ឋសភាបង្កើតគណៈកម្មការផ្សេងៗ ដែលចាំបាច់។ ការរៀបចំ និង ការប្រព្រឹត្តទៅនៃរដ្ឋសភា នឹងមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្ម លាលែង ឬប្រាសចាកសមាជិកភាព ដែលកើតមានឡើង ៦ខែ យ៉ាងតិចមុនចប់នីតិកាល ត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះ តាមល័ក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងក្នុងច្បាប់បោះឆ្នោត។
តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយលក្ខណ៍អក្សរប្រគល់ជូនតាមរយៈប្រធាន រដ្ឋសភា។
ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់មន្ត្រីមួយរូប ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ត្រូវឆ្លើយផ្ទាល់ខ្លួន។
ចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឬ សរសេរជាលាយលក្ខណ៍អក្សរ។
ចម្លើយខាងលើនេះ ត្រូវធ្វើឡើងក្នុងរយៈពេល ប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។
ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឱ្យមាន ឬមិនឱ្យមានការជជែកដេញដោល។ បើគ្មានការបើកឱ្យជជែកដេញដោលទេនោះចម្លើយរបស់ រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី នឹងបញ្ចប់សំណួរតែម្ដង។
បើមានការបើកឱ្យជជែកដេញដោលម្ចាស់សំណួរ វាគ្មិនឯទៀត និងរដ្ឋមន្ត្រីពាក់ព័ន្ធ ឬនាយករដ្ឋមន្ត្រីអាចជជែកប្ដូរយោបល់ ក្នុងរយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំឡើយ។
រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃ ក្នុងមួយសប្ដាហ៍ សម្រាប់ការឆ្លើយសំណួរ។ ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះមិនអាចបើកលទ្ធភាពឱ្យមាន ការបោះឆ្នោតប្រភេទណាមួយបានឡើយ។
គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។
រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។

Monday, April 6, 2015

ក្រុងសៀមរាប របស់កម្ពុជា ជាប់ជាទីក្រុងគោលដៅទេសចរណ៍ ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី និងលេខ២ លើសាកលលោក


ភ្នំពេញ៖
ក្រុងសៀមរាប របស់ប្រទេសកម្ពុជា ពេលនេះ បានជាប់ចំណាត់ថ្នាក់ជា ទីក្រុងគោលដៅទេសចរណ៍ លេខ១ នៅតំបន់អាស៊ី និង ជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ក្នុងការវាយតម្លៃទីក្រុងទាក់ទាញ នៅឆ្នាំ២​០១៥នេះ។

ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃ ដោយស្ថាប័ន​ TripAdvisor ជាភ្នាក់ងារប្រឹក្សាយោបល់ក្នុងការធ្វើដំណើរទេសចរ នៅលើពិភពលោក ក្នុងនោះក្រុងសៀមរាប ត្រូវបានបោះឆ្នោត (តាមអនឡាញ) ជ្រើសរើសឱ្យជាប់ ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ទីក្រុងស្រស់ស្អាត ប្រកបដោយភាពទាក់ទាញ ចំនួន២៥ ខណៈដែល ទីក្រុង Marrakech របស់ប្រទេស Morocco ទទួលបាន ចំណាត់ថ្នាក់លេខ១។ ក្រុង ISTANBUL របស់ប្រទេសតួកគី បានទទួលចំណាត់ ថ្នាក់លេខ៣ ខណៈដែលក្រុងហាណូយ របស់ប្រទេសវៀតណាម ទទួលបាន ចំណាត់ថ្នាក់លេខ៤ ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសាទរចំពោះលទ្ធផលនេះ។ លោកចាត់ទុកថា លទ្ធផលនេះ នឹងធ្វើឱ្យកម្ពុជា ទទួលបានកំណើនភ្ញៀវទេសចរណ៍ កាន់តែច្រើនឡើងថែមទៀត ។ លោកបានថ្លែងប្រាប់ FRESH NEWS តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះថា «ឥឡូវយើងបានលេខ១ នៅអាស៊ីហើយ បានលេខ២ នៅលើពិភពលោកហើយ ទាំងនេះ បានមកពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា ទាំងផ្នែកឯកជន និងផ្នែកសាធារណៈ ក្រោមការដឹកនាំរបស់សម្តេចតេជោ យើងត្រូវប្រឹងប្រែងតទៅទៀត ដើម្បីរក្សាជ័យលាភីនេះ ឱ្យបានព្រោះអាទិត្យក្រោយនេះ គេមកប្រកាស ជូនរង្វាន់ហើយ» ។

ចំណាត់ថ្នាក់នេះ ក៏ត្រូវបាន​ វាយតម្លៃទៅលើ សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្ម និងភាពស្រស់ស្អាតពណ៌បៃតង របស់ក្រុងសៀមរាប ដែលធ្វើឱ្យទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ខ្លាំងជាងទីក្រុងដទៃ។ កាលពីឆ្នាំមុន ក្រុងសៀមរាប របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ នៅតំបន់អាស៊ី (បន្ទាប់ពីក្រុងក្យូតូ របស់ជប៉ុន) និង លេខ៤ នៅលើពិភពលោក ដែលជាលទ្ធផលល្អប្រសើរ ជាងឆ្នាំ២០១៣។

Tuesday, February 17, 2015

តាំង​ពី​ឆ្នាំ ១៩៩៣ មក រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បណ្ដេញ​ ជនបរទេសល្បីមួយចំនួន

សូម​រំឭក​ផង​ដែរ​ថា តាំង​ពី​ឆ្នាំ ១៩៩៣ មក រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បណ្ដេញ​អ្នក​រាយ​ការណ៍​ពិសេស អង្គការ​សហ​ប្រជាជាតិ​មួយ​ចំនួន​ចេញ​ពី​កម្ពុជា ដូច​ជា​លោក ថូម៉ាស ជា​ជន​ជាតិ​ស៊ុយអែត លោក Michael Kirby ជា​ជន​ជាតិ​អូស្ត្រាលី លោក ភីធឺឡឺប្រេច និង​លោក យ៉ាស់ហ៍​ហ្កាយ ជន​ជាតិ​កេនយ៉ា លោក ប្រែត អាដាម អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ Human Right Watch និង​អង្គការ​ក្លូបល វីណេស និង​ជា​ចុង​ក្រោយ​គឺ​លោក អេឡិច៕