Saturday, August 22, 2015

រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងខ្លាំង ទៅលើការបំផ្ទុះគ្រាប់បែក នៅទីក្រុងបាងកក

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការសោកស្តាយ ហើយថ្កោលទោសយ៉ាងខ្លាំង ចំពោះការបំផ្ទុះគ្រាប់បែក បណ្តាលឱ្យមនុស្សជាង១០០នាក់ស្លាប់ និងរបួស នៅទីក្រុងបាងកក ។

តាមរយៈលិខិតរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្ញើទៅកាន់លោកប្រាយុទ្ធ ចាន់អ៊ូចា កាលពីម្សិលមិញ បានសរសេរថា «ជាមួយនឹង​ការ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ឧក្រិដ្ឋ​កម្មនេះ តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ឯកឧត្ដម និង​តាមរយៈ​ឯកឧត្ដម ជូន​ចំពោះ​រដ្ឋាភិបាលនិង​ប្រជាជន​ថៃ ក៏​ដូចជា​ក្រុម​គ្រួសារ​សពចំពោះ​ការបាត់បង់​យ៉ាង​ធំធេង​ ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ដ៏​សោកសៅ​នេះ»។

ការបំផ្ទុះគ្រាប់២លើក ត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅយប់ថ្ងៃទី១៧ និងរសៀល ថ្ងៃទី១៨ ខែសីហានេះ ក្នុងនោះ មួយលើកបានផ្ទុះនៅតំបន់ពាណិជ្ជកម្មប៉ាទូណាម កណ្តាលក្រុងបាងកក វេលាម៉ោង ៧៖៣៥នាទីយប់ថ្ងៃ១៧ សីហា បានសម្លាប់មនុស្ស ២០នាក់ និងបង្កឱ្យមានអ្នករបួស១២៥នាក់ (គិតត្រឹមថ្ងៃត្រង់ទី១៨សីហា) នេះបើតាមការរាយការណ៍របស់ កាសែតបាងកកប៉ុស្តិ៍ ។ ចំណែកមួយលើកទៀត ត្រូវបានគេបំផ្ទុះនៅម៉ោង ១៖២០នាទី រសៀលថ្ងៃ១៨ ខែសីហានេះ នាម្តុំស្ពានសាថន ក្បែរកន្លែងទទួលអ្នកដំណើរ និងចតរថយន្តតាក់ស៊ី ប៉ុន្តែមិនបង្កឱ្យមានអ្នកស្លាប់ ឬរបួសនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ មិនមានពលករ ឬពលរដ្ឋខ្មែរណាម្នាក់ ត្រូវបានរកឃើញថា រងគ្រោះនៅក្នុងករណី​ទាំង២លើកនេះនោះទេ ខណៈដែលជនរងគ្រោះមិនទាន់ត្រូវបាន កំណត់អត្តសញ្ញាណអស់នៅឡើយ៕

ប្រាសាទអង្គវត្ត ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីគោលដៅទេសចរ របស់ Lonely Planet

ក្រោយពីជាប់លេខ១ ក្នុងបញ្ជីរបស់ Tripadvisor កាលពីដើមឆ្នាំ, ពេលនេះអង្គរវត្តខ្មែរ បានជាប់លេខ១ ជាថ្មីម្តងទៀត នៅក្នុងបញ្ជី Ultimate Travelist 2015 របស់គេហទំព័រលំដាប់ពិភពលោក Lonely Planet ថែមទៀត។
គេហទំព័រនេះ បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់អង្គរវត្តកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២​​០១៥។

Lonely Planet ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានផ្នែកទេសចរណ៍ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧២ មានមូលដ្ឋាន ទីក្រុង Melbourne ប្រទេសអូស្រ្តាលី, មានបុគ្គលិកបម្រើការងារជាង៤០០នាក់ និងលោក Daniel Houghton ជានាយកប្រតិបត្តិ (CEO)។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News ថាការផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គវត្តខ្មែរ នៅក្នុងបញ្ជី Ultimate Travelist 2015 របស់គេហទំព័រLonely Planet ជាពិតជាស័ក្តិសមណាស់ ហើយថាចំណាត់ថ្នាក់នេះ នឹងនាំម​កនូវភ្ញៀវទេសចរ មកកាន់កម្ពុជា កាន់តែលើសលុបថែមទៀត៕

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធុញទ្រាន់នឹងសហរដ្ឋអាមេរិក ដែលតែងរំលឹកកម្ពុជា អំពីការផ្លាស់ប្តូរ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកមានការធុញទ្រាន់ ចំពោះសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន ដែលតែងមិនទទួលស្គាល់ អំពីការផ្លាស់ប្តូរជាបន្តបន្ទាប់នៅកម្ពុជា ហើយតែងទូន្មានដល់កម្ពុជាអំពីការផ្លាស់ប្តូរនេះ នាពេលកន្លងមក។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីទទួលទានអាហារសាមគ្គី ជាមួយនឹងក្រុមឧកញ៉ា អ្នកវិនិគិន និងមន្រ្តីជាន់ខ្ពស់មួយចំនួន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត កោះពេជ្រ កាលពីរាត្រី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ។

សម្តេចបានលើកឡើងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះលោកបានជួបជាមួយនឹងលោក William E –Todd អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលទើបចប់អាណត្តិ ហើយគាត់បានពន្យល់អំពីការផ្លាស់ប្តូរនានាជូនលោក ដែលធ្វើឱ្យមានការធុញទ្រាន់យ៉ាងខ្លាំង ដោយសារតែ អគ្គរដ្ឋទូតមួយនេះ ហាក់មិនបានទទួលស្គាល់នូវការផ្លាស់ប្តូរនៅកម្ពុជា ។

សម្តេចបានថ្លែងថា «បើខ្ញុំមិនយល់ដឹងអំពីការផ្លាស់ប្តូរ និងមិនអាចគ្រប់គ្រងបាន នៅដំណើរការនៃការផ្លាស់ប្តូរ តើខ្ញុំអាចមានលទ្ធភាពឋិតនៅក្នុងអំណាចរយៈពេលជាង៣០ឆ្នាំ ទេឬ? ព្រោះខ្ញុំធុញទ្រាន់នូវការទូន្មានរបស់ប្រទេសខ្លះមកលើកម្ពុជា ! ផ្លាស់ប្តូរ ! ផ្លាស់ប្តូរ ! ខ្ញុំបានប្រាប់គាត់ថា ដោយសារតែអាមេរិកមិនអាចគ្រប់គ្រងបាននូវការផ្លាស់ប្តូរ នៅលីប៊ី នៅស៊េរី នៅអ៊ីរ៉ាក់ និងនៅអាហ្គានីស្ថាន ទើបបានជាមានពួក ISIS ធ្វើសកម្មភាពនៅទីនោះ»

សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលឹកថា ការផ្លាស់ប្តូរមិនមែនទាន់តែផ្លាស់ប្តូរមេដឹកនាំ ទើបហៅថាផ្លាស់ប្តូរនោះទេ ក្នុងនោះសម្តេចបាននិយាយថា អំពីការផ្លាស់ប្តូរជាបន្តបន្ទាប់នៅកម្ពុជា ដូចជាការផ្លាស់ប្តូរ របស់កម្ពុជាពីសង្គ្រាមមកសន្តិភាព, ពីការគ្រប់គ្រងតាមបែបសេដ្ឋកិច្ចផែនការ ដែលគ្រប់តម្លៃអ្វីៗត្រូវកំណត់ដោយរដ្ឋ មកជាទីផ្សារសេរី , ភាពរីកចម្រើននៃវិស័យសំណង់អគារ, ការធ្វើកំណែទម្រង់រដ្ឋ និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចជាដើម។


សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ក៏បានរំពឹងថា អគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William Heidt ដែលចូលមកកាន់តំណែងនៅកម្ពុជាពេលនេះ នឹងមានការយល់ដឹងច្រើនអំពីការផ្លាស់ប្តូរ របស់កម្ពុជាបានច្រើន ជាងអគ្គរដ្ឋទូតមុន ៕