Wednesday, January 28, 2015

ថ្នាក់ដឹកនាំ តំណាងរាស្រ្ត គណបក្សទាំងពីរ ប្តេជ្ញាការយក វប្បធម៌សន្ទនា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ

From Fresh News Bunsay
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ តំណាងរាស្រ្ត របស់គណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានប្តេជ្ញា ប្រកាន់យក វប្បធម៌សន្ទនា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ហើយសន្យាគោរពតាម កិច្ចព្រមព្រៀងនយោបាយ ថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ប្រធានក្រុមតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ថ្នាក់ដឹកនាំ តំណាងរាស្រ្តទាំងពីរ បានប្រកាន់យកវប្បធម៌សន្ទនា សហការគ្នា ដើម្បីប្រយោជន៍ ប្រជាពលរដ្ឋ ហើយតម្រង់សកម្មភាព របស់គណបក្សទាំងពីរ មករកកិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ វិញ ។ ។

UPDATE---ជំនួបរវាងលោក ស ខេង និង លោក សម រង្ស៊ី ត្រូវបានបញ្ចប់ បន្តាប់ពីពិភាក្សាគ្នា រយៈពេលជិត១ម៉ោង

From Fresh News
(ភ្នំពេញ)៖ ជំនួបរវាង ថ្នាក់ដឹកនាំតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំ តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ នៅវិមានរដ្ឋសភា បានបញ្ចប់នៅម៉ោង ៩៖៥០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះ បន្ទាប់ពីពិភាក្សាគ្នា អស់រយៈពេលជិត១ម៉ោងប៉ុណ្ណោះ ។ សមាសភាព នៃថ្នាក់ដឹកនាំតំណាងរាស្រ្តCPP រួមមាន លោក ស ខេង ប្រធានក្រុមតំណាងរាស្រ្ត លោកគាត ឈន់ អនុប្រធាន និងលោកស្រី ម៉ែន សំអន អនុប្រធាន។ ចំណែកខាងគណបក្សសង្រ្គោះជាតិ រួមមានលោក សម រង្ស៊ី ជាប្រធានក្រុមសភាភាគតិច លោកកឹម សុខា អនុប្រធាន និងលោក យឹម សុវណ្ណ ជាលេខាធិការ។ ភាគីទាំងពីរ បានជំរុញឱ្យគណបក្សទាំងពីរ គោរពតាមកិច្ចព្រមព្រៀងនយោបាយ កាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ឱ្យបានល្អ៕

អង្គការ​សិទ្ធិមនុស្ស​និយាយ​ថា កូន​ក្រមុំខ្មែរ​ដែល​រង​ការ​រំលោភ​បំពាន​នៅ​​ចិន​មាន​ចំនួន​​កើន​ឡើង​គួរ​ឲ្យ​បារម្ភ

From Cambodia Daily
ដោយ | January 29, 2015
ចំនួន​ស្ត្រី​ខ្មែរ​ដែល​​​​បាន​រង​ការ​រំលោភ​បំពាន​ក្រោយ​រៀបការ​ ជាមួយ​ប្ដី​នៅ​ក្នុង​ប្រទេស​ចិន កំពុង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ នេះ​បើ​យោង​តាម​បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​ដែល​កាលពី​ឆ្នាំ​មុន​បានជួយ​ ធ្វើ​មាតុភូមិ​និវត្ត​កូនក្រមុំខ្មែរ​ជិត​៥០​នាក់ ដែល​ត្រូវ​បាន​ជួញដូរ​នៅ​បរទេស​ ឬ​​ត្រូវ​បាន​ទាក់​ទាញ​ទឹក​ចិត្ត​​ដោយ​ការ​សន្យារ​ថា ពួកគេ​នឹង​មាន​ជីវភាព​ធូរធារ។
អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុកអាដហុក និង​អង្គការ​លីកាដូ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​ខ្លួន​បាន​ជួយ​ស្ត្រី​ចំនួន​៤៩​នាក់​ឲ្យ​វិល​ត្រឡប់​ពី​ប្រទេស​ចិន​មក​ កម្ពុជា​វិញនៅ​ក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​នឹងចំនួន​២៩​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៣។
លោកស្រី ឆន សុគន្ធា ប្រធាន​កម្មវិធី​សិទ្ធិស្ត្រី និង​​កុមារ​នៃ​អង្គការ​អាដហុក​ បាន​មាន​ប្រសាសន៍​ថា អង្គការ​អាដហុក​បាន​ជួយ​​២១​នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ​កាលពី​ ឆ្នាំមុន​ បើ​ប្រៀបធៀប​នឹង​ចំនួន​តែ​បួន​នាក់​ក្នុង​ឆ្នាំ​២០១៣។
លោកស្រី​បានមាន​ប្រសាសន៍​ទៀត​ថា ” ជនរងគ្រោះ​ទាំង​នេះ​ត្រូវ​បាន​ទាក់​ទាញ​ទឹក​ចិត្ត​ឲ្យ​ធ្វើ​​ដំណើ​ទៅ​ប្រទេស ​ចិន​ជាមួយ​ការ​សន្យា​ផ្ដល់​ការ​ងារ​មាន​ប្រាក់​ខែ​ខ្ពស់​ និងរៀបការ​ជាមួយ​​ប្ដី​ចិន​អ្នក​មាន។ ប៉ុន្តែ​ទីបំផុត​ពួកគេ​​ត្រូវ​គេ​លក់​ឲ្យទៅ​បុរស​ៗ​ចិន ដែល​ពេល​ខ្លះ​លក់​ក្នុង​តម្លៃ​ពី​១៥.០០០​ដុល្លារ​ទៅ​២០.០០០​ដុល្លារ​ ឲ្យ​ធ្វើ​​ជា​ទាសករ​សិច​។ វា​ជា​​​ការ​ជួញដូរ​មនុស្ស​​មួយ​ប្រភេទ​ក្រោម​លេស​រៀបការ​”។
លោក អំ សំអាត ប្រធាន​​គ្រប់គ្រង​ផ្នែក​បច្ចេកទេស​​ស៊ើបអង្កេត​នៅ​អង្គការ​សិទ្ធិមនុស្ស​​ លីកាដូ បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​​បាន​ជួយ​នាំស្ត្រី​២៨​នាក់​ទៀតឲ្យ​​ត្រឡប់​មក​ប្រទេស​ កម្ពុជា​វិញ បើ​ប្រៀបធៀប​នឹង​ចំនួន​២៥​នាក់​កាលពី​ឆ្នាំ​២០១៣។
លោក​មាន​ប្រសាសន៍​ថា ” ពួកគេ​ភាគ​ច្រើន​បាន​ទទួល​រង​ការ​រំលោភ​បំពាន​ផ្លូវ​កាយ និង​ផ្លូវ​ភេទ”។ លោក​បាន​បន្ថែម​ថា លោក​ចាត់​ទុក​ស្ត្រី​ទាំង​អស់​នេះ​ថា ជា​ជនរងគ្រោះ​​នៃ​ការ​ជួញដូរ​​។
ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​របស់​ប្រទេស​កម្ពុជា​​​ដែល​​ត្រូវ​ បាន​​អនុម័ត​​កាលពី​ឆ្នាំ​២០០៨ ចាត់​ទុក​​ការ​នាំ​អ្នក​ណា​ម្នាក់​ចេញពី​ប្រទេស​ថា​​​គ្មាន​ច្បាប់​ទម្លាប់​ ត្រឹម​ត្រូវ​​ ប្រសិន​បើ​ធ្វើ​ឡើង​ “តាម​មធ្យោបាយ​ប្រើ​កម្លាំង​ ការ​គំរាម​កំហែង ការ​បោក​បញ្ឆោត ការ​បំពាន​កម្លាំង​ ឬ​ការ​លួង​លោម។ ការ​យល់​ព្រម​របស់​ជនរងគ្រោះ​​មិន​ពាក់​ព័ន្ធ​គ្នា​​ទេ​”។
លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេសកម្ពុជា​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ ថា ក្រសួង​របស់​លោក​បាន​កត់​ត្រា​​ចំនួន​ស្ត្រី​ដែល​ត្រូវ​បាន​ធ្វើ​ មាតុភូមិនិវត្ត​នៅ​ក្នុង​ឆ្នាំ​២០១៤មាន​ចំនួន​សរុប​៥៨​នាក់​ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា ក្រសួង​គ្មាន​តួលេខ​សម្រាប់​ឆ្នាំ​២០១៣​ទេ​។
លោក​បានមាន​ប្រសាសន៍​បន្ត​ថា ” យើង​ជឿ​ថា មាន​ជនរងគ្រោះ​បន្ថែម​​ទៀត​ [នៅ​ក្នុង​ប្រទេស​ចិន​] ដែល​បានទៅ​ទីនោះ​ដោយ​ស្ងាត់ៗ​ជាមួយ​មេខ្យល់​”។ លោក​បាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ស្ត្រី​ប្រហែល​១០​នាក់​ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្ត​រួច​ហើយ រហូត​មក​ទល់ពេល​នេះ​នៅ​ឆ្នាំ​នេះ​។
លោកក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា តួលេខ​របស់​អង្គការ​សិទ្ធិមនុស្ស​ទាំង​នេះ​​​ជាន់​គ្នា​ជាមួយ​នឹង​តួលេខ​​ របស់​ក្រសួង​ការ​បរទេស ប៉ុន្តែ​បាន​អះអាង​ថា តួលេខ​របស់​ក្រសួង​​មាន​លក្ខណៈ​ផ្លូវ​ការ​។
លោក​បាន​មាន​ប្រសាសន៍​ថា “អង្គការ​មិនមែន​រដ្ឋាភិបាលដែល​ធ្វើ​ការ​លើ​បញ្ហា​នេះ​គ្រាន់​តែទទួល​​ពាក្យ ​បណ្ដឹង​ពី​ជនរងគ្រោះ​ ឬក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ប៉ុណ្ណោះ ប៉ុន្តែ​​ពួកគេ​បញ្ជូន​​ករណី​ទាំង​នោះ​មក​ឲ្យ​យើង​ ពីព្រោះ​មាន​តែ​រដ្ឋាភិបាល​កម្ពុជា​ទេ​​ដែល​អាច​ដោះ​ស្រាយ​ជាមួយ​អាជ្ញាធរ​​ ពាក់​ព័ន្ធ​របស់​ចិន​”។
ក្រសួង​ការ​បរទេស​​បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ថា ស្ត្រីពីរ​នាក់​មកពី​ខេត្ត​កណ្ដាល​ និង​ខេត្ត​ព្រៃវែង​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង ​ថ្ងៃ​នោះ។
ហើយ​ស្ត្រី​ប្រាំនាក់​បន្ថែម​ទៀត គ្រោង​នឹង​មក​ដល់​រាជធានី​​ភ្នំពេញ​នៅ​ម៉ោង​៣រសៀល​ថ្ងៃ​នេះ បន្ទាប់ពី​ត្រូវ​បាន​ជួយ​សង្គ្រោះ​​ដោយ​ស្ថាន​កុងស៊ុល​កម្ពុជា​នៅ​ក្នុង​ ទីក្រុង​គ័ងចូវ​ (Guangzhou) ប្រទេស​ចិន នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​ក្រសួង​នេះ​កាលពី​ម្សិលមិញ​។ សេចក្ដី​ថ្លែង​ការណ៍​នេះ​លើក​ឡើង​ថា ស្ត្រី​ទាំង​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​ខ្លួន​បញ្ជូន​ទៅ​​ឲ្យ​រៀបការ ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ត​ជាំង​ស៊ី (Jiangxi) ប្រទេស​ចិន៕ សុខុម​​​​​​​​​​​​​​

លោក ជា ស៊ីម ទំនង​ជា​មិន​​ចូល​រួម ​សមាជ​របស់​ គណបក្ស​ប្រជាជន​កម្ពុជា ​​នៅ​សប្ដាហ៍​នេះទេ​


From Cambodia Daily
ដោយ | January 29, 2015
បច្ចុប្បន្ន​​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​ពិនិត្យ​តាម​ដាន​​​ស្ថានភាព​ជំងឺ​នៅ​ក្នុង​​ប្រទេស​​វៀត​ណាម ហើយ​​ប្រហែល​ជា​មិន​អាច​​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ទាន់​ពេល​សមាជ​ ទូទាំង​ប្រទេស​របស់​គណបក្ស​កាន់​អំណាច​ ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​​នេះ​​ទេ នេះ​បើ​យោង​តាម​ប្រធាន​អង្គរក្ស​របស់​លោក​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​។
លោក យឹម លាង ប្រធាន​អង្គរក្ស​របស់​លោក​ ជា ស៊ីម ​បាន​មាន​ប្រសាសន៍​ថា ” សម្ដេច​ទៅ​វៀតណាម ​​​ដើម្បី​ពិនិត្យ​តាម​ដាន​​ស្ថាន​ភាព​សុខភាព​តាម​កាល​កំណត់​ដូច​សព្វ​ដង។​ សម្ដេច​មិន​កើតអីទេ សម្ដេច​ទៅ​វៀតណាម​​ ប្រហែល​បួន​ប្រាំថ្ងៃ​។ ​​ការ​ពិនិត្យ​តាម​ដាន​នឹង​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​ ហើយ​​សម្ដេច​ប្រហែល​ជា​​ត្រឡប់​មក​វិញ​​មិន​ទាន់ពេល​ទេ”។
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និង​ជា​សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា តាម​ពិត​លោក​ ជា ស៊ីម កំពុង​ស្ថិត​​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិន​មែន​នៅ​ក្នុង​ប្រទេស​វៀតណាម​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​​នឹង​មិន​អាច​ចូល​រួម​សមាជ​នេះ​បាន​ទេ ដោយ​សារ​តែ​លោក​មាន​ជំងឺ​ធ្ងន់​។
លោក​បាន​មាន​ប្រសាសន៍ទៀត​ថា “សុខភាព​របស់​​គាត់​ខ្សោយ​​ណាស់ ដូច្នេះ​គាត់​​មិន​អាច​ចូល​រួម​បានទេ។ យើង​មិន​សប្បាយ​ចិត្ត​ទេ​ ពីព្រោះ​​គាត់ជា​មនុស្ស​ស្លូត​​​”។
គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​រៀបចំ​សមាជ​ទូទាំង​ប្រទេស​ជាលើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ​​​នេះ​ចាប់​តាំង​ពី​​ខែ​មីនា ឆ្នាំ​២០១៣​ ជា​កិច្ច​ប្រជុំ​មួយ​ដែល​បាន​កើត​ឡើង​៤​ខែ​មុន​ពេល​គណបក្ស​កាន់​អំណាច​បាត់​ បង់​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ​ចាប់​តាំង​ពីការ​បោះ​ឆ្នោត​កាលពី​ខែ​ឧសភា ឆ្នាំ​១៩៩៣​ ដែល​រៀប​ចំ​ឡើង​ដោយ​​អង្គការ​សហប្រជាជាតិ​មក​។
លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា ​​សមាជ​នៅ​សប្ដាហ៍​នេះ​​នឹង​ប្រព្រឹត្ត​ទៅ​ធម្មតា ​ទោះ​បីជា​គ្មាន​វត្តមាន​របស់​លោក ជា ស៊ីម ក៏ដោយ​។ លោក​បានមាន​ប្រសាសន៍​ទៀត​ថា ” វា​ជា​រឿង​របស់​បក្ស​ មិន​មែន​ជា​រឿង​ផ្ទាល់​ខ្លួន​​ទេ​។ បក្ស​ត្រូវ​ធ្វើ​​ទៅ​តាម​​ពេល​វេលា​កំណត់​របស់​ខ្លួន។បក្ស​បាន​ខិត​ខំ​​អស់​ ពី​សមត្ថភាព​ហើយ​ក្នុង​ការ​ព្យាបាល​គាត់​ឲ្យ​​មានសុខភាព​ប្រសើរ​ឡើង ប៉ុន្តែ​យើងឃាត់​ជំងឺ​​មិន​​បាន​ទេ ហើយ​វាជា​​រឿង​​ធម្មតា​ដែល​មនុស្ស​កើត​ ចាស់ ឈឺ ស្លាប់​។ យើង​មិន​សប្បាយ​ចិត្ត​ទេ​ដែល​គាត់​មិន​អាច​ចូល​រួម​ក្នុង​សមាជ​បាន​”។
លោក ជា ស៊ីម វ័យ​៨២​ឆ្នាំ បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ចាប់​តាំង​ពី​គណបក្ស​កាន់​អំណាច​​នេះ​បាន​ប្ដូរ​មក​ប្រើ​ឈ្មោះ​បច្ចុប្បន្ន​ ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​១៩៩១ ប៉ុន្តែ​​លោក​​​ចេះ​តែ​ប្រឈម​​បញ្ហា​សុខភាព​ចុះ​ខ្សោយ​កាន់​តែ​ខ្លាំង​ឡើងៗ។ លោក​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​កាលពី​ខែ​តុលា ឆ្នាំ​២០០០ ហើយ​លោក​​បាន​អវត្តមាន​​ក្នុង​ព្រឹត្តិ​ការណ៍​​សំខាន់ៗ​របស់​បក្ស​ជា​ ញឹកញាប់​។
នៅ​ពេល​សាកសួរ​ថា តើ​សមាជ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ចុង​សប្ដាហ៍​​​នេះ​នឹង​ផ្ដោត​លើ​អ្វី​នោះ ​លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា គណបក្ស​នឹង​ព្យាយាម​អនុវត្ត​​តាម​ការ​អំពាវ​នាវ​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​អំពាវ​នាវ​ឲ្យ​មន្ត្រីរបស់​ខ្លួន​បន្ត​អនុវត្ត​តាម​ការ​អំពាវ​នាវ​របស់​ គណបក្ស​តាម​រយៈ​ការ​ដុស​ក្អែល​ខ្លួន​ឯង​។
​រដ្ឋ​​​មន្ត្រី​ការពារ​ជាតិ​រូប​​នេះ​បាន​មាន​ប្រសាសន៍​ថា ” យើង​នឹង​ពិនិត្យ​មើល​ចំណុច​ខ្សោយ​របស់​យើង ហើយ​កែលម្អ​ចំណុច​ខ្សោយ​ទាំង​នោះ​ដូច​ដែលសម្ដេច​ [លោក ហ៊ុន សែន​] បាន​ដាក់​ចេញ​នៅ​ក្នុង​គោល​​នយោបាយ​ទូលំទូលាយ​របស់​សម្ដេច​ឲ្យ​ឆ្លុះ​កញ្ចក់ និង​ដុស​ក្អែល​ខ្លួនឯង​​។ វា​មាន​សារៈ​សំខាន់​ណាស់​”។
អវត្តមាន​ដែល​អាច​កើត​មាន​របស់​លោក ជា ស៊ីម នៅ​ក្នុង​សមាជ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ កើត​មាន​​ឡើង​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​មិន​បាន​ចូល​រួម​ពិធី​ ប្រារព្ធ​​ខួប​អបអរ​ថ្ងៃ​៧មករា របស់​គណបក្ស​នេះ​ដើម្បី​បង្ហាញ​ពីការ​ដួល​រលំ​​នៃ​របប​ ប៉ុល ពត នៅ​ក្នុង​ឆ្នាំ​១៩៧៩ ដែល​គណបក្ស​របស់​លោក ជា ស៊ីម ចាត់​ទុក​ជា​ថ្ងៃ​កំណើត​ទី២​របស់​កម្ពុជា​។
ចាប់​តាំង​ពី​ឆ្នាំ​១៩៩១​មក លោក ហ៊ុន សែន បាន​ធ្វើ​ជា​អនុប្រធាន​របស់​លោក​ ជា ស៊ីម នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ចំណែកឯ​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​ដែល​បាន​ដឹកនាំ​គណបក្ស​កុម្មុនីស្ត​មួយ​នេះ​ជា​ផ្លូវ​ការ​នៅ ​ទសវត្សរ៍​ឆ្នាំ​១៩៨០ បច្ចុប្បន្ន​គឺ​ជា​ប្រធាន​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ចាប់​តាំង​ពី​​សម័យ​កុម្មុយនីស្ត​​នៅ​ក្នុងទសវត្សរ៍​ឆ្នាំ​១៩៨០​មក លោក ជា ស៊ីម និង​លោក ហ៊ុន សែន ​បាន​ប្រឈម​នឹង​ពាក្យ​ចចាម​អារ៉ាម​​​ថា លោក​ទាំង​ពីរ​​​គឺ​ជា​មេដឹកនាំ​ក្រុម​ប្រជែង​គ្នា​ដោយ​​មាន​​ការ​រំពឹង​ទុក​ ថា លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ជំនួស​លោក ជា ស៊ីម ​នៅ​ក្នុង​ការ​បា៉ន់​ស្មាន​បែប​នេះ។
ប៉ុន្តែ​​​គណបក្ស​ប្រជាជន​កម្ពុជា ​​បាន​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​អំពី​ការ​បែ​ក​បាក់​គ្នា​នេះ​​ ហើយ​​បាន​បង្ហាញ​​​ពី​សាមគ្គី​ភាព​ទៅ​ដល់សាធារណជន​។
លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ឯ​សមាជ​បក្ស​​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​​ក្នុង​ ឆ្នាំ​១៩៩៧​ថា ” ដរាប​ណា​សម្ដេច​ ជា ស៊ីម ​នៅ​ជា​ប្រធាន​​​បក្ស​ ហ៊ុន សែន នឹង​មិន​ [ទាម​ទារ​​ដឹកនាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​​] ឡើយ ហើយ​ដរាប​ណា ហ៊ុន​ សែន ជា​នាយករដ្ឋមន្ត្រី ​ក៏គ្មាន​សមាជិក​​ផ្សេង​ណា​ប្រជែង​យក​តំណែង​នាយករដ្ឋមន្ត្រី​នេះ​ដែរ ដូច្នេះការ​ស្រមើ​ស្រមៃ​អំពីកា​របែក​បាក់​នៅ​ក្នុង​គណប​ក្ស​ប្រជាជន​កម្ពុជា ​​ គឺ​មិន​ត្រឹម​ត្រូវ​ទេ​”។
ទោះ​ជាយ៉ាង​ណា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា លោក ហ៊ុន សែន នឹង​ជំនួស​លោក​ ជា ស៊ីម ជា​ប្រធាន​គណបក្ស​ នៅ​ពេល​​ពេល​វេលា​មក​ដល់។ កាលពី​ដើម​ខែ​នេះ​ លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ផ្ញើ​ថ្វាយ​​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វុ៊នស៊ីនប៉ិច ក្នុង​ឋានៈ​ជា​ “ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្ដីទី”៕ សុខុម​​​​​​​​​​​​​​​

Wednesday, January 7, 2015

ការចុះបញ្ជីយានយន្ត នៅកម្ពុជា កើនឡើងជាង ១១ភាគរយ ក្នុងឆ្នាំ២០១៤

 ភ្នំពេញ៖ ការចុះបញ្ជីយានយន្ត នៅកម្ពុជា ក្នុងឆ្នាំ២០១៤ កន្លងទៅនេះ បានកើនឡើង ជាង១១% បើប្រៀបទៅនឹងឆ្នាំ២០១៣ កន្លងទៅ នេះបើតាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលផ្តល់ដល់ អង្គភាព FRESH NEWS នៅថ្ងៃពុធ ទី៧ ខែមករា ឆ្នាំ២០១៥ ។ 

របាយការណ៍នេះ បានបញ្ជាក់ថា ឆ្នាំមុននេះ ការចុះបញ្ជីយានយន្តសរុប មានចំនួន ៣២៣.៥០៨គ្រឿង ក្នុងនោះការចុះបញ្ជីទោចក្រយានយន្ត (ម៉ូតូ) មានចំនួន ២៨៣.៨៧៧គ្រឿង កើនឡើង១៥,​៩២% ហើយការចុះបញ្ជី រថយន្ត មានចំនួន ៣៩.៥៣១គ្រឿង ដែលមានការកើនឡើង ៦,៣៦ភាគរយ។

 របាយការណ៍បានឱ្យដឹងថា រយៈពេល១៤ឆ្នាំ ចុងក្រោយនេះ កម្ពុជាមានការចុះបញ្ជីយានយន្ត ចំនួន ២.៧៨០.៧៣៥គ្រឿងហើយ ក្នុងនោះម៉ូតូមានចំនួន ២.៣៥៣.០៥១គ្រឿង និងរថយន្តមានចំនួន ៤២៧.៦៨៤គ្រឿង ផងដែរ ៕