Monday, April 6, 2015

ក្រុងសៀមរាប របស់កម្ពុជា ជាប់ជាទីក្រុងគោលដៅទេសចរណ៍ ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី និងលេខ២ លើសាកលលោក


ភ្នំពេញ៖
ក្រុងសៀមរាប របស់ប្រទេសកម្ពុជា ពេលនេះ បានជាប់ចំណាត់ថ្នាក់ជា ទីក្រុងគោលដៅទេសចរណ៍ លេខ១ នៅតំបន់អាស៊ី និង ជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ក្នុងការវាយតម្លៃទីក្រុងទាក់ទាញ នៅឆ្នាំ២​០១៥នេះ។

ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃ ដោយស្ថាប័ន​ TripAdvisor ជាភ្នាក់ងារប្រឹក្សាយោបល់ក្នុងការធ្វើដំណើរទេសចរ នៅលើពិភពលោក ក្នុងនោះក្រុងសៀមរាប ត្រូវបានបោះឆ្នោត (តាមអនឡាញ) ជ្រើសរើសឱ្យជាប់ ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ទីក្រុងស្រស់ស្អាត ប្រកបដោយភាពទាក់ទាញ ចំនួន២៥ ខណៈដែល ទីក្រុង Marrakech របស់ប្រទេស Morocco ទទួលបាន ចំណាត់ថ្នាក់លេខ១។ ក្រុង ISTANBUL របស់ប្រទេសតួកគី បានទទួលចំណាត់ ថ្នាក់លេខ៣ ខណៈដែលក្រុងហាណូយ របស់ប្រទេសវៀតណាម ទទួលបាន ចំណាត់ថ្នាក់លេខ៤ ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសាទរចំពោះលទ្ធផលនេះ។ លោកចាត់ទុកថា លទ្ធផលនេះ នឹងធ្វើឱ្យកម្ពុជា ទទួលបានកំណើនភ្ញៀវទេសចរណ៍ កាន់តែច្រើនឡើងថែមទៀត ។ លោកបានថ្លែងប្រាប់ FRESH NEWS តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះថា «ឥឡូវយើងបានលេខ១ នៅអាស៊ីហើយ បានលេខ២ នៅលើពិភពលោកហើយ ទាំងនេះ បានមកពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា ទាំងផ្នែកឯកជន និងផ្នែកសាធារណៈ ក្រោមការដឹកនាំរបស់សម្តេចតេជោ យើងត្រូវប្រឹងប្រែងតទៅទៀត ដើម្បីរក្សាជ័យលាភីនេះ ឱ្យបានព្រោះអាទិត្យក្រោយនេះ គេមកប្រកាស ជូនរង្វាន់ហើយ» ។

ចំណាត់ថ្នាក់នេះ ក៏ត្រូវបាន​ វាយតម្លៃទៅលើ សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្ម និងភាពស្រស់ស្អាតពណ៌បៃតង របស់ក្រុងសៀមរាប ដែលធ្វើឱ្យទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ខ្លាំងជាងទីក្រុងដទៃ។ កាលពីឆ្នាំមុន ក្រុងសៀមរាប របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ នៅតំបន់អាស៊ី (បន្ទាប់ពីក្រុងក្យូតូ របស់ជប៉ុន) និង លេខ៤ នៅលើពិភពលោក ដែលជាលទ្ធផលល្អប្រសើរ ជាងឆ្នាំ២០១៣។